ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សមួយក្រុមនាំគ្នាហូបស៊ុបស្រាប់តែផ្ទុះកំប៉ុងហ្គាសបណ្ដាលឲ្យស្ត្រី៤នាក់របួសយ៉ាងដំណំ

ចែករំលែក៖

     ខេត្តកណ្ដាល៖ មនុស្សមួយក្រុមមានគ្នាប្រមាណជាង១០នាក់បានបបួលគ្នាហូបស៊ុប ខណៈកំពុងតែហូបស្រាប់តែផ្ទុះកំប៉ុងហ្គាស បណ្ដាលឲ្យមនុស្សស្រី​៤នាក់រងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង២១និង២០នាទី ថ្ងៃទី១៧ ខែសីហា​ឆ្នាំ២០២០ នៅចំណុចហាងលក់ស៊ុបយីហោ១០៦ ស្ថិតភូមិកំពង់ចម្លង ឃុំ កំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ 

    មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះចំនួន៤នាក់  ទី១.ឈ្មោះ ចាន់ សុខឡេង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  ទី២.ឈ្មោះ.អន កញ្ញា ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ ទី៣.ឈ្មោះ អឿន នាត ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និង៤.ឈ្មោះ.ចេង គន្ធា ភេទស្រី អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កសិករ។

ជនរងគ្រោះទាំង៤នាក់មានទីលំនៅភូមិអណ្តូង ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

ចំណែកម្ចាស់ហាងលក់ស៊ុបយីហោ១០៦ ឈ្មោះ ឡាត់ ម៉ៅ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ស៊ុប មានទីលំនៅ ភូមិ ឃុំ កើតហេតុ។

     ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ វេលាម៉ោង១៩និង០០នាទី ក្រុមជនរងគ្រោះមានគ្នាប្រមាណ១១នាក់ ដែលរស់នៅភូមិជាមួយគ្នាបានមកហូបស៊ុបយីហោ១០៦ រហូតដល់ម៉ោង២១និង២០នាទី ខណៈកំពុងអង្គុយហូបស៊ុបជុំវិញតុអាហារស្រាប់តែផ្ទុះកំប៉ុងហ្គាសបណ្តាលឲ្យជនរងគ្រោះ៤នាក់ខាងលើ រងរបួសស្នាម ខ្លួន ជើង ដៃ មុខ។ បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ

បានបញ្ជូនជនរងគ្រោះទាំង៤នាក់ទៅមន្ទីរពេទ្យបង្អែកស្រុកពារាំង ខេត្តព្រៃវែង ដើម្បីព្យាបាលរបួស៕ដោយ៖ ស្អាងជ័យ


ចែករំលែក៖