ភ្នំពេញ ៖ នារីម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តtoyota prius មួយគ្រឿងជ្រុលទៅបុកគូទរថយន្ត ហាយឡេនឌ័រ ហេីយរុញទៅបុកនឹងរថយន្ត toyota prius មួយគ្រឿងទៀតខណៈកំពុងឈប់រង់ចាំភ្លើងស្តុបបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចស្តុបសេរីភាព តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តtoyota prius មួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2BI-0023 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រង់ចាំភ្លើងស្តុបខៀវដើម្បីបន្តដំណើរទៅមុខទៀត ខណៈនោះក៏មានរថយន្តហាយឡេនឌ័រមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AU-0961ធ្វើដំណើរស្របទិសដៅគ្នាមកឈប់ពីក្រោយ ស្រាប់តែមានរថយន្តtoyota prius មួយគ្រឿងទៀត ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AV-6078បើកបរដោយនារីម្នាក់សង្ស័យស្រវឹងស្រា បានបើកមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកគូទរថយន្តហាយឡេនឌ័ររួចរុញទៅបុករថយន្ត toyota prius មួយគ្រឿងទៀតរងការខូចខាត។ ចំណែករថយន្តបង្ករងរកាខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ដោយភាគីទាំងសងខាងសុំធ្វើការសម្រុះសម្រួលគ្នាបន្ទាប់មកខាងភាគីបង្កបានចេញថ្លៃជួសជុលរថយន្តរងគ្រោះទាំងពីរគ្រឿងឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖ ភារ៉ា ដង្កោ