ក្រុមហ៊ុនអាកាសចរណ៍ជាតិអាហ្វ្រិកខាងត្បូង (SAA) បានប្រកាសកាត់បន្ថយបុគ្គលិកដល់ទៅ៦០ភាគរយ ដែលជាការកាត់បន្ថយទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។ ក្នុងចំណោមបុគ្គលិក ៥០០០នាក់ មាន ៣១៤២ ត្រូវបានបញ្ឈប់។ ប៉ុន្តែការបញ្ឈប់តាមបែបស្ម័គ្រចិត្ត ដោយមានកញ្ចប់ជំនួយដល់បុគ្គលិកស្ម័គ្រចិត្តឈប់ពីការងារ។
នៅថ្ងៃទី២១ខែសីហា ក្រុមហ៊ុនអាកាសចរណ៍(SAA) បានសម្រេច កញ្ចប់ជំនួយដល់បុគ្គលិកឈប់ពីការងារជាង៣ពាន់នាក់ក្នុងពេលដែលក្រុមហ៊ុនប្រឈមនឹងការខាតបង់ជាច្រើនដោយសារកូវីដ-១៩ ធ្វើឲ្យក្រុមហ៊ុនមិនអាចហោះហើរបាន។
ក្រុមហ៊ុនអាកាសចរណ៍(SAA) បានប្រកាសថា ការអនុម័តកញ្ចប់ជំនួយ សម្រាប់ បុគ្គលិក ក្នុងនោះមានបុគ្គលិកបម្រើការនៅលើដី ១៧៤៤នាក់ បុគ្គលិកបម្រើការលើយន្តហោះ៩៧៨នាក់ អាកាសយានិក១៨៤នាក់ អ្នកឯកទេស១៣៥នាក់ និងមន្ត្រីគ្រប់គ្រង១០១នាក់ផងដែរ។
ការទូទាត់ប្រាក់សំណងដល់បុគ្គលិក នឹងត្រូវបញ្ចប់នៅក្នុងខែតុលាខាងមុខនេះ។ ក្រៅពីប្រទេសអាហ្វ្រិក នៅមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនផ្សេងទៀត បណ្តាប្រទេសទ្វីបអាហ្វ្រិក និងជុំវិញពិពលោក បានកាត់បន្ថយបុគ្គលិក ដោយសារតែក្រុមហ៊ុនរកប្រាក់ចំណូលមិនបានដោយសារតែយន្តហោះមិនអាចហោះហើរ ក្រោយការឆ្លងរាលដាលកូវីដ-១៩ កាន់តែខ្លាំងនៅលើពិភពលោក៕ដោយ៖ធី រីណា