ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះដឹកទំនិញ​នៅស៊ូដង់ខាងត្បូង​ ស្លាប់​១៧នាក់​

ចែករំលែក៖

អន្តរជាតិ៖គ្រោះថ្នាក់ធ្លាក់យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន អាកាសចរណ៍​ South West ​ បណ្តាលឲ្យមនុស្ស​១៧នាក់ស្លាប់​និងម្នាក់នៅរស់ ។ យន្តហោះដឹកទំនិញជួបគ្រោះថ្នាក់នៅថ្ងៃទី​២២ខែសីហា ក្រោយហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ​Jubai នៅស៊ូដង់ខាងត្បូង ​។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា យន្តហោះដឹកទំនិញជួបគ្រោះថ្នាក់ធ្លាក់នៅជិតតំបន់ប្រជុំជន។ អគ្គនាយកអាកាសយានដ្ឋានអន្តរជាតិ Jubai លោក​ Kur Kuok បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់​ខាងលើ នៅវេលាម៉ោង​៩ព្រឹកថ្ងៃទី​២២ខែសីហា(ម៉ោងក្នុងតំបន់)។ យន្តហោះខាងលើមានគោលដៅទៅកាន់អាកាសយានដ្ឋាន Aweil និង Wau។
លោក​Kur Kuok បានបញ្ជាក់ថា លោកមិនទាន់ដឹងច្បាស់ថា​នៅលើយន្តហោះមានមនុស្សប៉ុន្មាននៅឡើយទេ ហើយមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កំពុងបើកការស្រាវជ្រាវនៅឡើយ​។
កាលពីឆ្នាំ​២០១៨ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ South West ​ក៏បានធ្លាក់នៅតំបន់ភាគខាងត្បូង នៃប្រទេសស៊ូដង់ខាងត្បូង​សម្លាប់មនុស្ស​១៧នាក់ផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងក្រោយពេលដែល​ ប្រធានាធិបតី ស៊ូដង់ខាងត្បូង​លោក​ Salva Kiir បានហាមប្រាមយន្តហោះដែល​មានអាយុកាលប្រើប្រាស់ជាង២០ឆ្នាំ​មិនអនុញ្ញាតឲ្យដឹកអ្នកដំណើរឡើយ ​ដោយអនុញ្ញាតឲ្យដឹកតែទំនិញប៉ុណ្ណោះ​៕

ដោយ៖ធី រីណា


ចែករំលែក៖