ព័ត៌មានទាន់ហេតុការណ៍៖

គីម ជុងអ៊ុនសន្លប់លែងដឹងខ្លួន​ ប្អូនស្រីត្រៀមដឹកនាំជំនួស តែនេះគ្រាន់តែជាពាក្យចចាមអារ៉ាម

ចែករំលែក៖

មន្ត្រីការបរទេសកូរ៉េខាងត្បូងមួយរូបបានលើកឡើងដោយមិនមាន ភស្តុតាងច្បាស់លាស់ថា មេដឹកនាំគីម ជុងអ៊ុន សន្លប់ ហើយប្អូនស្រី​ Kim Yo-jong ត្រៀមឡើងកាន់អំណាចជំនួសវិញ។
សារព័ត៌មាន New york Post ​បានផ្សាយថា លោក​ Chang Song-min អតីតជំនួយការ​អតីតប្រធានាធិបតី Kim Dae-jung បានលើកឡើងថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងសន្លប់​ តែជីវិតមិនទាន់បញ្ចប់នៅឡើយទេ​។
ការលើកឡើងរបស់មន្ត្រីកូរ៉េខាងត្បូង បានធ្វើឲ្យមជ្ឈដ្ឋាន​ លែងទុកចិត្តទៀតហើយដោយសារតែរាល់ពេលលោកគីម ជុងអ៊ុនអវត្តមានតែងតែលេចចេញពាក្យចចាមអារ៉ាម​គ្រប់ពេល។ ថ្មីៗ នេះមន្ត្រីកូរ៉េខាងត្បូង លើកឡើងថា លោកគីម ជុងអ៊ុន ធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់វះកាត់បេះដូង។ នៅពេលនោះសូម្បីតែប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ក៏បានជូនពរលោកគីម ជុងអ៊ុនឲ្យឆាប់ជាដែរ។ តែទីបំផុត លោកគីម ជុងអ៊ុន មិនមានឈឺអ្វីឡើយគឺលោកទៅសម្រាកលម្ហែកាយយ៉ាងរំភើយ។
ក្នុងពេលនេះដែរ ព័ត៌មានថា លោកគីម ជុងអ៊ុនសន្លប់នោះ កើតឡើងក្រោយពេល ដែល មេដឹកនាំ គីម ជុងអ៊ុន​រំលែកអំណាចឲ្យប្អូនស្រីរបស់ខ្លួនជួយគ្រប់គ្រងប្រទេសជាតិឲ្យបានល្អ ។
ការប្រកាសរបស់លោកChang Song-min នៅមានការមន្ទិលសង្ស័យ​ ដោយសារតែព័ត៌មានពាក់ព័ន្ធកូរ៉េខាងជើងពិតជាសម្ងាត់ខ្លាំងណាស់ គឺកម្រមានភាគីណាមួយបានដឹង។ រាល់បញ្ហាទាំងឡាយគឺត្រឹមតែសន្និដ្ឋានស្មានតែប៉ុណ្ណោះ​។ ដូចកាលពីខែមេសា​ គ្រាន់តែលោកគីម ជុងអ៊ុន មិនបង្ហាញខ្លួននៅទីសាធារណៈ៣សប្តាហ៍ មានព័ត៌មានចចាមអារ៉ាមខ្លះថា លោកស្លាប់ ខ្លះទៀតថាវះកាត់បេះដូង តែទីបំផុតខុសទាំងអស់៕

ដោយ៖ធី រីណា


ចែករំលែក៖