ប្រទេសប្រេសុីល៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា៖ ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃទី២៣ សីហា បានគំរាមដាល់អ្នកកាសែតកណ្តាលមាត់ បន្ទាប់ពីបានចោទជាសំណួរទៅលោកជុំវិញរឿងពុករលួយដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយភរិយារបស់លោក។
ជាចម្លើយគំរាមរបស់លោកប្រធានាធិបតីប្រេស៊ីល លោក (Jair Bolsonaro) បាននិយាយថា៖ «ខ្ញុំចង់តែដាល់អ្នកកណ្តាលមាត់ទេ»។ ខណៈអ្នកកាសែតមកពីសារព័ត៌មាន O Globo លើកជាសំណួរទាក់ទងនឹងរឿងពុករលួយរបស់ភរិយាលោក អ្នកស្រី មីឈែល បុលសូណារ៉ូ។
សារព័ត៌មាន Reuters បានផ្សាយថា៖ អ្នកកាសែតមកពីសារព័ត៌មាន O Globo ដែលត្រូវលោក បុលសូណារ៉ូ គំរាមនោះ ជាសមាជិករបស់ក្រុមអ្នកកាសែតដែលតែងទៅយកព័ត៌មានក្រោយលោក Bolsonaro ចេញពីវិហាគ្រឹស្តសាសនានៅរៀងរាល់ថ្ងៃអាទិត្យ។
សូមបញ្ជាក់ថា៖ សំណួររបស់អ្នកកាសែត O Globo គឺផ្ដោតលើកសំណុំរឿងមួយដែលផ្សាយដោយទស្សនាវដ្ដី Cruseo ដែលបានភ្ជាប់អ្នកស្រី មីឈែល ទៅនឹងរឿងពុករលួយរបស់លោក ហ្វាប្រ៊ីស៊ីអូ កេរ៉ូស (Fabricio Queiroz) មិត្តភក្តិរបស់លោក បុលសូណារ៉ូ និងជាអតីតទីប្រឹក្សារបស់លោក ហ្វ្លាវីយ៉ូ បុលសូណារ៉ូ (Flavio Bolsonaro) កូនប្រុសលោកប្រធានាធិបតី ដែលជាបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា។
យោងតាមទស្សនាវត្តី Cruseo ប្រាក់ដែលលោក កេរ៉ូស បានមកពីការកិបកេងនោះ ត្រូវបានដាក់ចូលក្នុងគណនីអ្នកស្រី មីឈែល ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ តែមិនបានបញ្ជាក់ចំនួនលុយឡើយ។ ភរិយាលោក បុលសូណារ៉ូ អះអាងថា អ្នកស្រីមិនដឹងអ្វីពីរឿងនេះឡើយ។
លោក កេរ៉ូស និងលោក ហ្វ្លាវីយ៉ូ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីត្រូវបានសង្ស័យថា កិបកេងលុយរដ្ឋាភិបាលសម្រាប់បើកឲ្យមន្ត្រីរាជការនៅពេលលោក ហ្វ្លាវីអូ កាន់តំណែងជាសមាជិកសភានៅទីក្រុង Rio de Janeiro និងមុនពេលលោក បុលសូណារ៉ូ ឡើងកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ៕
ដោយ៖ សហការី