ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ ។ ពិសេសថ្នាក់ដឹកនាំ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសជាសមាជិក ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ដោយឈរលើស្មារតីសាមគ្គីភាព ការគាំទ្រនិងជួយគ្នាទៅវិញទៅមក ការចែករំលែកព័ត៌មានទាន់ពេលវេលាអំពីការផ្ទុះឡើងនៃជំងឺ និងគោលការណ៍ណែនាំបច្ចេកទេសសម្រាប់ការបង្ការ គ្រប់គ្រង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។ កិច្ចប្រជុំ បានស្វាគមន៍ចិន ដែលបានប្រកាស បង្កើតមូលនិធិពិសេស សម្រាប់វិស័យ សុខភាព សាធារណៈ ស្ថិតក្រោមក្របខ័ណ្ឌមូលនិធិពិសេស កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមរយៈការគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការក្នុងវិស័យ សុខភាពសាធារណៈនៃប្រទេសសមាជិក។ ថ្នាក់ដឹកនាំ បានបញ្ជាក់សារជាថ្មីនូវឆន្ទៈដ៏មោះមុត និងការប្តេជ្ញារួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺរាតត្បាតុវីដ-១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗ ទាំងក្នុងកម្រិតតំបន់ និងសកល សំដៅធានាឱ្យបាននូវការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រកបដោយ ក្តីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈដូចតទៅ៖ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវសមានចិត្ត និងការចូលរួមរំលែកទុក្ខ ចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ១- ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោ បានអំពាវនាវប្រទេសជាសមាជិក បន្តរួបរួមសាមគ្គីគ្នា និងមានជំនឿទុកចិត្តទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថា ជំងនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ ព្រមទាំងជំរុញការធ្វើសមាហរណកម្មតំបន់ ឱ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីនិយម។ លើសពីនេះ សម្តេចតេជោ បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃ មួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ២- ស្ថិតក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ សម្តេចតេជោ បានគូសបញ្ជាក់ ពីភាពចាំបាច់ ក្នុងការរក្សាឱ្យបាននូវប្រភពកំណើនថ្មីនៅក្នុងអនុតំបន់។ សម្តេចតេជោ បានជំរុញឱ្យពន្លឿន ការសម្រេចឱ្យបាននូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ នៃ -ឡានឆាង ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី កំណើន សម្រាប់អនុតំបន់មេគង្គ-ឡានឆាង ក្នុងការជំរុញ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនានា៕ដោយ៖ សិលា
រឿងទាក់ទង
រថយន្ត២គ្រឿងបើកបរបព្ច្រាសទិសគ្នាក្នុង ល្បឿនលឿនបុកគ្នាពេញមួយទំហឹងបណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសម្នាក់
5 hours ago
បេក្ខជនក្រុមប្រឹក្សាឃុំបក្សភ្លើងទៀន ៤រូប នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានផ្តាច់ខ្លួនពីបក្សប្រឆាំង
14 hours ago