ព័ត៌មានទាន់ហេតុការណ៍៖

បុរស​អូស្ត្រាលី ដែល​បាញ់សម្លាប់​មនុស្ស​​៥១​នាក់នៅនូ​វែ​ល​សេ​ឡង់ ក្នុង​វិហារ​អ៊ិស្លាម​ កាលពីឆ្នាំមុន អាចនឹងជាប់ទោសមួយជីវិត

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃចន្ទទី២៤ ខែសីហាឆ្នាំ២០២០ តុលាការនូវែសេឡង់បានចាប់ផ្តើមបើកសវនាការផ្តន្ទាទោសលើបុរសអូស្ត្រាលី Brenton Tarrant  ដែលបានបាញ់សម្លាប់មនុស្សចំនួន៥១នាក់ ក្នុងវិហារ​អ៊ិស្លាមចំនួន ក្នុងទីក្រុង Christchurch កាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០១៩ដោយនៅក្នុងសវនាការចំពោះមុខសាច់ញាតិជនរងគ្រោះជាច្រើន  Tarrant មិនបានបង្ហាញអារម្មណ៍សោកស្ដាយអ្វីនោះទេ

​​ជនដៃដល់ Brenton Tarrant ត្រូវបានតុលាការបើកសវនាការរយៈពេលថ្ងៃដោយធ្វើឡើងក្នុងបរិយាកាសដែលមានការរិតត្បិតសន្តិសុខយ៉ាងខ្ពស់បំផុតផងដែរ ខណៈដែលក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលរួចរស់ជីវិតក៏បានចូលរួមក្នុងសវនាការ ដែលនឹងស្តាប់នូវសក្ខីកម្មរបស់អ្នកដែលរួចរស់ពីការបាញ់សម្លាប់ចំនួន៦៦នាក់ផងដែរ

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP និយាយថា នៅពេលសវនាការចាប់ផ្តើម គេសង្កេតឃើញ  Tarrant  មិនបានបង្ហាញអារម្មណ៍សោកស្តាយចំពោះអំពើរបស់ខ្លួនឡើយ ខណៈរដ្ឋអាជ្ញា Barnaby Hawes បានបង្ហាញសកម្មភាពយ៉ាងលម្អិតអំពើព្រៃផ្សៃដែលបានកើតឡើង ដោយលោក​Hawes បន្ថែមថា៖ Tarrant  បានបំណងសម្លាប់មនុស្សច្រើនជាងអ្វីដែលបានធ្វើទៅទៀត ហើយរឿងដែលកើតឡើង ត្រូវបានរៀបចំជាច្រើនមកហើយ

ជាក់ស្តែងនៅក្នុសវនាការ Tarrant បានទទួលស្គាល់កំហុសចំពោះបទល្មើសឃាតកម្ម៥១ករណី ប៉ុនប៉ងសម្លាប់៤០ករណី និងភេរវកម្មលើការវាយប្រហារវិហារឥស្លាមផងដែរ មិនតែប៉ុណ្ណោះមេធាវីរបស់ជនរងគ្រោះរំពឹងថា៖ ជនដៃដល់ Tarrant នឹងក្លាយជាមនុស្សដំបូងដែលត្រូវតុលាការផ្តន្ទាទោសដាក់គុកមួយជីវិតដោយមិនអាចចេញទៅណាបាន និងគ្មានការលើកលែងទោសអ្វីឡើយ

សូមជម្រាបថា លោក Tarrant ជនជាតិអូស្ត្រាលីមានអាយុ២៩ ឆ្នាំ បានមករស់នៅនូវែសេឡង់ក្នុងឆ្នាំ២០១៧ ដោយ Tarrant បានទិញកាំភ្លើងនិងគ្រាប់កាំភ្លើងជាង៧០០០ បង់ លុះនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ស្រាប់តែជននេះ បានបើកការបាញ់ប្រហារ ដោយផ្សាយផ្ទាល់ក្នុងបណ្តាញសង្គម នៅក្នុងវិហារ Masjid Al Noor និង Linwood Masjid មុននឹងបន្តទៅវិហារទី ប៉ុន្តែត្រូវបានប៉ូលីសឃាត់ខ្លួនភ្លាមៗ

ក្រោយពេលឃាត់ខ្លួន Tarrant យកទៅសួរនាំដោយរដ្ឋអាជ្ញា រូបគេបានអះអាងថា ការវាយប្រហារនេះ ត្រូវបានជំរុញដោយជំនឿមនោគមវិជ្ជា និងបំណងក្នុងការបង្កើតភាពភ័យខ្លាច ចំពោះមនុស្សដែលរូបគេចាត់ទុកថាជាអ្នកឈ្លានពាន រួមមាន ជនមូស្លីម និងជនអន្តោប្រវេសន៍មិនមែនជាជាតិសាសន៍អឺរ៉ុប

គួរបញ្ជាក់ផងដែរថា ក្នុងសវនាការនេះ Tarrant នឹងការពារខ្លួនដោយតួជាមេធាវីខ្លួនឯងតែម្ដង ហើយសាលក្រមមួយនេះ ត្រូវបានរំពឹងថានឹងប្រកាសនៅថ្ងៃទី២៧ ខែសីហាខាងមុខ

 

ដោយ៖ស តារា


ចែករំលែក៖