ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកសភា២រូបនៃបក្សប្រឆាំង ត្រូវប៉ូលិសហុងកុងឃាត់ខ្លួន ពាក់ព័ន្ធការតវ៉ាប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

អន្តរជាតិ៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រុមប៉ូលិសហុងកុង បានឃាត់ខ្លួនសមាជិកសភាបក្សប្រឆាំងនៅហុងកុងចំនួន ០២រូបក្នុងប្រតិបត្តិការមួយរបស់ប៉ូលិស ដែលបានចោទប្រកាន់ពីបទធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំមុន។

បើតាមសារព័ត៌មាន CNA ដែលបានដកស្រង់ចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន AFP ដែលបញ្ជាក់ពីប្រភពរបស់ប៉ូលិសហុងកុង បាននិយាយថាមនុស្សសរុប ១៦នាក់រួមទាំងសមាជិកសភាពីររូបគឺលោក ឡាំ ឆេកធីង(Lam Check-ting) និងលោក ធេដ ហ៊ុយ (Ted Hui) ត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការមួយនាព្រឹកថ្ងៃពុធនេះ ពីបទធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល កាលពីខែកក្កដា ឆ្នាំ២០១៩។ ដោយលោកLam និងលោក Hui ជាសមាជិកសភាដែលគាំទ្រលិទ្ធិប្រជាធិតេយ្យ និងជាអ្នករិះគន់រដ្ឋាភិបាលទីក្រុងប៉េកាំង រួមទាំងហុងកុងផងដែរ។

យោងតាមសេចក្ដីថ្លែងការណ៍មួយ បានឲ្យដឹងថា លោក Lam ត្រូវបានឃាត់ខ្លួនដោយសង្ស័យថា បានចូលរួមក្នុងកុប្បកម្មនៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៩។ នៅថ្ងៃនោះផងដែរ លោក Lam និងក្រុមបាតុកររាប់សិបនាក់ត្រូវបានវាយដោយក្រុមអ្នកគាំទ្ររដ្ឋាភិបាល។ បន្ថែមពីនេះ លោក Lam ក៏ត្រូវបានចោទប្រកាន់ផងដែរពីបទ «គប់គិតបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងរារាំងមន្ត្រីយុត្តិធម៌នៅខាងក្រៅប៉ុស្តិ៍ប៉ូលិស ទួនម៉ាន់ (Tuen Mun) កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩។

ដោយឡែក ការិយាល័យរបស់លោក Hui ក៏បានបញ្ចេញវីដេអូនៃការឃាត់ខ្លួនលោកផងដែរ ដោយមន្ត្រីប៉ូលិសបាននិយាយថា លោក Hui ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរារាំង ការអនុវត្តកិច្ចការនៃមន្ត្រីយុត្តិធម៌, ការលួចចូលប្រើ និងមើលទិន្នន័យរបស់រដ្ឋាភិបាលក្នុងបំណងទុច្ចរិត និងមានចេតនាចង់បំផ្លាញវា។

សូមរម្លឹកថា ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០១៩ ហុងកុងបានរងភាពចលាចល ដោយការធ្វើបាតុកម្មតវ៉ាដ៏ធំមួយ ដែលត្រូវបានអូសបន្លាយរយៈពេល ០៧ខែជាប់ៗគ្នា និងបានផ្ទុះអំពើហិង្សាជារឿយៗ ដែលនាំឲ្យមនុស្សរាប់ពាន់នាក់រងរបួស និងមនុស្សជាង ៩ពាន់នាក់ត្រូវបានចាប់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ការឃាត់ខ្លួនសមាជិកសភា នៅហុងកុងខាងលើនេះ បានកើតមានឡើងជិតមួយខែ ក្រោយចិនបានប្រកាសឲ្យប្រើ «ច្បាប់សន្តិសុខជាតិថ្មី» នៅក្នុងទីក្រុងស្វយ័តខ្លួនមួយនេះ៕

ដោយ៖ស តារា


ចែករំលែក៖