អន្តរជាតិ៖ ស្របពេលចិន និងអាមេរិក កំពុងតែមើលមុខគ្នាមិនចំលើបញ្ហាជាច្រើន នៅថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ លោក វ៉ាង យីរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅអឺរ៉ុបដើម្បីជជែកពីបញ្ហាទ្វេភាគី និងពង្រឹងលើវិស័យការទូតនិងពាណិជ្ជកម្ម រវាងចិន និងបណ្តាប្រទេសអឺរ៉ុប ។ បើទោះយ៉ាងណាក៏ដោយ ចំពោះករណីឆ្លងCOVID-19 បានកើនឡើងសារជាថ្មី នៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបក៏ពិតមែន ប៉ុន្តែវាមិនអាចរារាំងដំណើរទស្សនកិច្ចរបស់លោក វ៉ាងយី បានឡើយ។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅក្រៅប្រទេស ចាប់តាំងពីមានCOVID-19 មក លោក វ៉ាង ត្រូវធ្វើដំណើរទៅអ៊ីតាលី ហូឡង់ ន័រវែសបារាំង និងអាល្លឺម៉ង់។ ការទូត និងសេដ្ឋកិច្ច, ស្ថិរភាពឧស្សាហកម្មសកលក្នុងបរិបទ COVID-19 និងការអំពាវនាវឲ្យប្រកាន់ខ្ជាប់ពហុភាគីនិយម និងបញ្ហាមួយចំនួនទៀត គឺជាប្រធានបទដ៏សំខាន់នៅក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងចំខួបលើកទី៤៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងចិន និងអឺរ៉ុប។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយថា អ៊ីតាលី គឺជាប្រទេសដំបូង ដែលរដ្ឋមន្ត្រីការបរទេសចិន ត្រូវធ្វើទស្សនកិច្ច។ ទីក្រុងរ៉ូមដោយមិនសំដៅទៅប្រទេសណាមួយ លោក វ៉ាង បានលើកឡើងថា ការញុះញង់ និងការបំផ្លាញពីកម្លាំងខាងក្រៅ កំពុងវាយប្រហារលើអឺរ៉ុប។ ជាមួយគ្នានេះទីប្រឹក្សារដ្ឋចិនរូបនេះ បានបន្តយ៉ាងដូច្នេះថា៖ «ការសាមគី្គ ស្ថិរភាព និងវិបុលភាពរបស់អឺរ៉ុប គឺសំខាន់ណាស់សម្រាប់ពិភពលោកទាំងមូល»។
អ៊ីតាលី គឺជាសមាជិកតែមួយគត់នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ដែលបានចុះហត្ថលេខាលើគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្ម «ផ្លូវមួយខ្សែក្រវាត់មួយ» របស់ចិន។ គម្រោងនេះ ត្រូវបានប្រទេសមួយចំនួនយល់ថា ធ្វើឲ្យប្រទេសតូចៗជំពាក់បំណុលចិន និងជួយបង្កើនឥទ្ធិពលរបស់ចិនជាដើម។
ក្នុងដំណើរទស្សនកិច្ចនេះ លោក វ៉ាង និងលោក Luigi Di Maio រដ្ឋមន្ត្រីការបរទេសអ៊ីតាលី ក៏បានចុះហត្ថលេខាលើកិច្ចព្រមពៀងពាណិជ្ជកម្មថ្មីចំនួន២ផងដែរ។ កាលពីឆ្នាំ ២០១៩កន្លងទៅ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស៊ី ជិនភីង នៅអ៊ីតាលី ភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនពាន់លានដុល្លារ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី បានធ្វើឡើងស្របពេលចិន និងអាមេរិក កំពុងមានជម្លាំងជាច្រើន ដែលមានចាប់តាំងពីសមុទ្រចិនខាងត្បូង បញ្ហាហុងកុង រហូតដល់ពាណិជ្ជកម្ម។ ក្រៅពីនេះ បញ្ហាហុងកុង ក៏ជាប្រធានបទដ៏សំខាន់ផងដែរ ស្របពេលលោកវ៉ាងធ្វើដំណើរទស្សនកិច្ចទៅអឺរ៉ុប។ សកម្មជនហុងកុង លោកNathan Law បានទទូចឲ្យអ៊ីតាលី រិះគន់ចិន លើការរំលោភសិទ្ធិមនុស្សនៅក្នុងដែនដីស្វយ័តមួយនេះ៕ដោយ៖សតារា