ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី គ្លី​ន​តុ​ន លើក​ជា​យោបល់​ឲ្យ​លោក ចូ បៃ​ឌិន មិនត្រូវ​ចុះចាញ់​ជាដាច់ខាត ​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​ខាងមុខនេះ

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ លោកស្រី ហ៊ីឡារី គ្លីតុអតីតបេក្ខជនប្រធានាធិបតីអាមេរិក បានលើកជាយោបល់ឲ្យលោក ចូ បៃឌិនមិនត្រូវចុះចាញ់ជាដាច់ខាតក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ ពិសេសនៅរដ្ឋដែលមានសំឡេងប្រកៀកប្រកិតគ្នា បន្ថែមពីនេះលោកស្រី គ្លីតុ ប្រាប់ទៅលោក បៃឌិន ត្រូវរង់ចាំឲ្យការរាប់សន្លឹកចប់សព្វគ្រប់សិន ខណៈលទ្ធផលសម្រាប់ការបោះឆ្នោតលើកនេះទំនងជាមិនត្រូវបានប្រកាសភ្លាមៗនៅថ្ងៃបោះឆ្នោតដូចរាល់ដងឡើយ

ជាមួួយគ្នានេះដែរ លោកស្រី ហ៊ីឡារី គ្លីតុ ដែលធ្លាប់ចាញ់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ បានអះអាងក្នុងកិច្ចសម្ភាសមួយថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ខែវិច្ឆិកាឆ្នាំនេះ ទំនងជាមិនអាចចេញភ្លាមៗនៅថ្ងៃបោះឆ្នោតដដែលឡើយ ព្រោះសន្លឹកឆ្នោតមួយភាគធំ ដែលនឹងផ្ញើតាមសំបុត្រ អាចត្រូវបានរាប់យឺត ក្នុងន័យនេះ លោកស្រី គ្លីតុ ប្រាប់លោក ចូ បៃឌិនបេក្ខជនតំណាងបក្សប្រជាធិបតេយ្យឲ្យរក្សាជំហរមិនទទួលយកលទ្ធផលដែលរាប់ភ្លាមៗ

សូមជម្រាបថា ការបោះឆ្នោតតាមសំបុត្រនេះ ត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រឆាំងយ៉ាងខ្លាំង ដោយលោក ត្រាំអះអាងថា នឹងនាំឲ្យមានការបោះឆ្នោតមិនត្រឹមត្រូវ ហើយចង់ឃើញអ្នកបោះឆ្នោតអាមេរិកទៅបោះឆ្នោតដោយផ្ទាល់វិញ សម្រាប់លោកត្រាំ ការចេញទៅបោះឆ្នោតដោយផ្ទាល់ នឹងជួយលោកកាន់តែច្រើន ប៉ុន្តែបក្សប្រជាធិបតេយ្យចង់បានការបោះឆ្នោតរបៀបនេះដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ស្រាប់ហើយនោះដោយលើកឡើងពីការរាលដាលជំងឺ COVID-19

បើតាមការលើកឡើងរបស់លោកស្រី គ្លីតុ ក្នុងកិច្ចសម្ភាសជាមួយកម្មវិធីThe Circus. នៅថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ បាននិយាយថា៖ «​លោក ចូ បៃឌិន មិនគួរដកថយឡើយទោះក្នុងកាលៈទេសៈណាមួយ ព្រោះខ្ញុំគិតថា លទ្ធផល នឹងអូសបន្លាយ ហើយខ្ញុំជឿថា លោកនឹងឈ្នះ ប្រសិនបើយើងមិនថយសូម្បីមួយអ៊ី​…​​» ចំណែកការប្រកួតប្រជែងនៅតាមរដ្ឋដែលមានសំឡេងប្រទាញប្រទង់ ជាអ្វីដែលលោកស្រី គ្លីតុ ប្រាប់លោក បៃឌិនឲ្យរក្សាភាពរឹងមាំ មុនលទ្ធផលផ្លូវការប្រកាស

មែនទែនទៅ ចំពោះក្ដីបារម្ភទាក់ទងនឹងការពន្យារពេលចេញលទ្ធផលឆ្នោតនេះ ត្រូវបានបក្សទាំងពីរលើកឡើងដូចគ្នា ដោយគេរំពឹងថាការបោះឆ្នោតតាមសំបុត្រ នឹងកើនឡើងក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ ព្រោះCOVID-19 នៅបន្តរាលដាលមិនទាន់ស្រាកស្រាន្តនៅឡើយ ចំណែកលោក ត្រាំ វិញ បានប្រឆាំងការផ្ដល់លុយបន្ថែមសម្រាប់សេវាកម្មប្រៃសណីយ៍អាមេរិក ព្រោះលោកដឹងថា លុយទាំងនោះ នឹងត្រូវប្រើក្នុងការការដឹកជញ្ជូនសន្លឹកឆ្នោត

សូមជម្រាបថា ម្ដងជាពីរដងដែល លោក ដូណាល់ ត្រាំ និយាយដោយគ្មានព័ស្តុតាងថា៖ ការបោះឆ្នោតលើកនេះ ត្រូវបានកំណត់ទុកមុនហើយតាមរយៈការបោះឆ្នោតតាមសំបុត្រ ដែលនេះជាអ្វីដែលបក្សប្រជាធិបតេយ្យចង់បានដើម្បីផ្ដួលរូបលោក ព្រោះកន្លងទៅ លោក ត្រាំក៏បដិសេធប្រកាសទទួលស្គាល់លទ្ធផលដែរ បើលោកចាញ់ឆ្នោតនោះ ស្របពេលលទ្ធផលស្ទង់មតិបង្ហាញថា លោក ត្រាំ នឹងចាញ់លោកបៃឌិន ៕ដោយ៖ស តារា


ចែករំលែក៖