ព័ត៌មានទាន់ហេតុការណ៍៖

នៅក្មេងសោះរកស៊ីជួញដូរគ្រឿងញៀន សមត្ថកិច្ចចាប់បាន២នាក់រឹបអូសថ្នាំញៀន១៦កញ្ចប់

ចែករំលែក៖

ខេត្តបាត់ដំបង៖​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ជនសង្ស័យ២នាក់និងរឹបអូសថ្នាំញៀន១៦កញ្ចប់។
ការបង្រ្កាបគ្រឿងញៀននេះបានប្រព្រឹត្តទៅកាលពីថ្ងៃពុធ ៨កើត ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ២០​២០​ វេលាម៉ោង​ ១២និង១៥នាទី​រសៀល នៅចំណុចក្រុមទី១៤ ភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ២នាក់ដែលមាន ឈ្មោះ យុន ខាម ហៅ ង៉ុយ  ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងឈ្មោះ វុត្ថា សាវី ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅ ភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៦កូនថង់ ទម្ងន់ ៣,៩៤ក្រាម (ទាំងសំបក), ទូរស័ព្ទដៃចំនួន ២គ្រឿង (ចាស់), កាបូបដាក់លុយ​ចំនួន ០២, សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យនិងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ដើម្បីវិនិច្ឆ័យទោសតាមច្បាប់៕ដោយ៖ប្រាថ្នា


ចែករំលែក៖