ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍បើកវគ្កបណ្តុះបណ្តាលស្តីពីការអនុវត្តវិធានសុវត្ថិភាពអនាម័យម្ហូបអាហារការរៀបចំកន្លែងលក់ឱ្យមានអនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករលក់ដូរនៅតាមផ្លូវ (Food Street)

ចែករំលែក៖

ខេត្តកំពង់ធំ៖ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពង់ធំនិងមន្ទីរទេសចរណ៍ខេត្តបានរៀបកម្មវិធីបណ្តុះបណ្តាលស្តីពីការអនុវត្តវិធានសុវត្ថិភាពអនាម័យម្ហូបអាហារ ការរៀបចំកន្លែងលក់ឱ្យមានអនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករលក់ដូរនៅតាមផ្លូវ (Food Street) ក្រោមអធិបតីភាពលោក ប្រាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នៅសាលាខេត្តកំពង់ធំ ។

ដោយមានការអញ្ជើញចូលរួមពីម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវករលក់ដូរនៅតាមដងផ្លូវជាច្រើនរូប ។

លោកសុខ លូ បានមានប្រសាសន៍ថា ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយពេលវេលាកាន់តែយូរធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើន ដល់វិស័យទេសចរណ៍នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះអាជីវកម្មសេវាកម្មទេសចរណ៍នៅខេត្តកំពង់ធំក៏បានរងផលប៉ះពាល់ជាច្រើនផងដែរ។ 

លោកបានបន្តថាក្នុងនាមរដ្ឋបាលខេត្តដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រក្សាឲ្យបាននូវសុវត្ថិភាពមានទំនុកចិត្តផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលបានធ្វើឲ្យដំណើរកំសាន្តនៅក្នុងខេត្តនិងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដំណាក់កាលទី១ ក្រុមការងារបានចុះផ្សព្វផ្សាយ និងណែនាំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដល់ប្រតិបត្តិករទេសចរណ៍នៅតាមបណ្ដាក្រុង ស្រុក អាជីវកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ព្រមទាំងរមណីយដ្ឋានទេសចរណ៍បន្ទាប់ពីបានចុះផ្សព្វផ្សាយណែនាំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្រុមការងារបានបន្តចុះវាយតម្លៃសុវត្ថិភាពទេសចរណ៍ តាមមូលដ្ឋានអាជីវកម្មទេសចរណ៍ជាបន្តទៀត។ 

ជាមួយគ្នានេះផងដែរលោកបានសំណូមពរដល់ប្រតិបត្តិការទេសចរណ៍ទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ខិតខំយកចិត្តទុកដាក់ និងចូលរួមអនុវត្តតាមវិធាន សុវត្ថិភាពទេសចរណ៍ ដើម្បីរក្សាបានសុវត្ថិភាព ផ្តល់ទំនុកចិត្ត ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានមកទទួលសេវាកម្មរបស់ខ្លួន ។

ឆ្លៀតក្នុងឱកាសននេះលោក ប៉ាក់ សុខុម បានថ្លែងថាវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិថ្មីៗ សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលកំពុងធ្វើសកម្មភាព រួមមាន៖ អាជីវកម្មសេវាកម្មស្នាក់នៅ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ អាជីវកម្មរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ អាជីវកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក គឺត្រូវផ្សព្វផ្សាយបញ្ជ្រាបឱ្យមានការអនុវត្តនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស។

លោកស្នើសុំរដ្ឋបាលខេត្ត ត្រូវរៀបចំក្រុមការងារតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដែលមានអភិបាល ឬអភិបាលរងខេត្តជាប្រធាន ប្រធានមន្ទីរទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ និងជាលេខាធិការដ្ឋាន ដោយមានសមាជិកពីអង្គភាពពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យមាន ក្រុមការងារនេះដល់ថ្នាក់មូលដ្ឋាន ដើម្បីតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះ។ ត្រូវចុះណែនាំផ្សព្វផ្សាយអំពីវិធានការដល់គ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរាយការណ៍ជាប្រចាំ ពិសេសត្រូវអប់រំប្រជាពលរដ្ឋ និងទេសចរ បុគ្គលបម្រើការនៅតាមគោលដៅទេសចរណ៍នីមួយៗ និងប្រតិបត្តិករទេសចរណ៍ដែលជាដៃគូសហការ ដើម្បីពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ជាចុងក្រោយលោកបានបញ្ជាក់ថាប្រសិនបើមូលដ្ឋានអាជីវកម្មណាអនុវត្តបានត្រឹមត្រូវតាមវិធានសុវត្ថិភាពនិងក្រមប្រតិបត្តិសម្រាប់អាជីវកម្មរបស់ខ្លួនក្រសួងទេសចរណ៍និងប្រគល់ជូននូវបណ្ណបញ្ជាក់គុណភាពសុវត្ថិភាពទេសចរណ៍ឬហៅថាLabelសម្រាប់បិទផ្សព្វផ្សាយជាសាធារណៈនៅទីតាំងមូលដ្ឋានអាជីវកម្មរបស់ពួកគេ។

គួរបញ្ជាក់ផងដែលថាក្រុមហ៊ុន Coca-Cola បានឧបត្ថម្ភធុងសម្រាមចំនួន ១០០ធុង ដល់រដ្ឋបាលខេត្ត តាមរយៈក្រសួងទេសចរណ៍ ៕

ដោយ៖សូរិយា


ចែករំលែក៖