ខេត្តពោធិ៍សាត់ ៖ គ្រោះធម្មជាតិរន្ទះបាញ់ឆក់យកជីវិតស្រ្តីម្នាក់យ៉ាងអាណោចអាធ័ម នៅគ្រាដែលជនរងគ្រោះកំពុងកង្វៀលសត្វពាហនៈ(ក្របី)នៅឯវាលស្រែ និងរងការខូចខាតផ្ទះសម្បែងប្រជាកសិករចំនួន២ខ្នងថែមទៀតផងដែរ បន្ទាប់មានភ្លៀងធ្លាក់យ៉ាងធំលាយឡំទៅដោយផ្គរ និងរន្ទះ ។
មន្ត្រីនគរបាលស្រុកក្រគរបានឲ្យដឹងតាមទូរស័ព្ទថា រសៀលម្សិលមុិញ ថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៨ខែសីហាឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិមួយបានកើតឡើងជាបន្តបន្ទាប់ផ្សេងៗគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងការខូចខាតផ្ទះសម្ដែងចំនួន២ខ្នងផងដែរ ។
មន្រ្តីនគរបាលដដែលបន្តទៀតថា ករណីគ្រោះធម្មជាតិបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងការខូចខាតផ្ទះសម្បែងខាងលើ នៅភូមិចុងខ្លុង ឃុំអូរសណ្ដាន់ ស្រុកក្រគរ បានកើតឡើង១ករណីបណ្ដាលឲ្យរបើកដំបូលផ្ទះ១ខ្នង ប៉ុន្តែពុំបង្កឲ្យមានមនុស្សឬសត្វរងគ្រោះនោះទេ ។ រីឯនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរឯនេះវិញ ក៏មានរបើកដំបូលផ្ទះ១ខ្នងផងដែរ ។ ចំណែកនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ដដែល មានករណីរន្ទះបាញ់បណ្ដាលឲ្យស្រ្តី១នាក់ស្លាប់ភ្លាមៗ ។
នគរបាលស្រុកដដែលបញ្ជាក់បន្ថែមទៀតថា ស្រ្តីរងគ្រោះដោយគ្រោះធម្មជាតិរន្ទះបាញ់ឈ្មោះ អ៊ុំ អៀង ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ជាស្រ្តីមេម៉ាយមានកូនប្រុសស្រីចំនួន៤នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បញ្ហាគ្រោះធម្មជាតិនេះអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន សហការចុះធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើ ៕
ដោយ៖ បុឹម ពិន