ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នឹងឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ នៅចំណុចផ្លូវកែង ក្បែរការាសសាំងតេលា ស្ថិតក្នុងភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ម្សៅក្រាមពណ៌សថ្លា) ចំនួន១៤កូនថង់ ទម្ងន់១៤,៥១ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១, ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារមួយចំនួន។
លោកវរសេនីយ៍ឯក ជា តារា បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ពិត សាញ់ ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានជួញដូរគ្រឿងញៀនប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីហើយ៕ដោយ៖ សសម


ចែករំលែក៖