ព័ត៌មានទាន់ហេតុការណ៍៖

ទ្រាំលែងបានហើយ! ឲ្យតែវក់គ្រឿងញៀនម្ដងៗទាញកាំបិត.ពូថៅ និងកាំភ្លើងគំរាមប្រពន្ធកូន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសស្រវឹងគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលបណ្ដឹងពីស្រ្តីជាប្រពន្ធ នៅគ្រាដែលបុរសរូបនេះតែងតែបង្កហិង្សាក្នុងគ្រួសារជាញឹកញាប់ ។

ករណីឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

មន្តីនគរបាលស្រុកបាកានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ហ៊ុន ជន់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការឃាត់ខ្លួនជនសង្ស័ងខាងលើនេះគឺធ្វើឡើងតាមបណ្ដឹងស្រ្តីជាប្រពន្ធ របស់ជនសង្ស័យ។

មន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា ជនសង្ស័យ(ហ៊ុន ជន់)ជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយឧស្សាហ៍រករឿងប្រពន្ធកូនក្នុងផ្ទះ និងតែងតែយកកាំបិត.ពូថៅ និងកាំភ្លេីងកែច្នៃប្រមាថគំរាម។ ជាក់ស្តែងក្រោយកើតហេតុខាងលើសមត្ថកិច្ចដកហូតបាននូវវត្ថុតាងរួមមានៈ កាំបិត១ ពូថៅ១ និងកាំភ្លើងកែច្នៃ១ ដើមដើម្បីនាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុក រួចបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់៕

ដោយ ÷ បុឹម ពិន


ចែករំលែក៖