ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូស្របទិសគ្នារបួស៣នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នារីម្នាក់បានរងរបួសធ្ងន់បាក់ដៃ និងបុរសចំនួន២នាក់ទៀតបានរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនាល្ងាចថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចមុខផ្ទះឈ្មោះ រុណ ស្ថិតនៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននានានៅកន្លែងកើតហេតុ គេឃើញមានម៉ូតូចំនួន២គ្រឿងម៉ាក ហុងដាឌ្រីម និងវ៉េវអាល់ហ្វា ធ្វើដំណើរស្របទិសគ្នាពីលិច ទៅកើត ដោយម៉ូតូ១គ្រឿងឌុបគ្នា និង១គ្រឿងទៀតជិះម្នាក់ឯង លុះមកដល់កន្លែងកើតហេតុ ក៏បានបុកគ្នាដួល បណ្ដាលឲ្យរងរបួសស្រាល២នាក់ និងធ្ងន់១នាក់ដោយបាក់ដៃស្ដាំ ។

ប្រភពដដែលបន្តទៀតថា ជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿងរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុង រង់ចាំធ្វើការដោះស្រាយបន្តតាមនីតិវិធី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖