ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋានខណ្ឌដង្កោបានពួនស្ទាក់ឃាត់បានជនសង្ស័យ២នាក់ភ្លាមៗ បន្ទាប់ពីជនសង្ស័យទាំងនេះឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច
កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខវិទ្យាល័យពងទឹក ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ ផន ផល្លា ហៅ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២-ឈ្មោះ អាំង ថាណុច ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ វ៉ាន់ ស្រីពេជ្រ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ហេីយវត្ថុតាងចាប់យក៖ ម៉ូតូចំនួនមួយគ្រឿង, ទូរស័ព្ទដៃចំនួនមួយគ្រឿង ។
ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា ដំបូងរូបនាងបានជិះម៉ូតូ១គ្រឿងម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH -8189 ចេញពីធ្វើការនៅរោងចក្រឆេមថេក (ខេមបូឌា) ឯ-ក ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រឡប់ទៅផ្ទះនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយបានទុកទូរស័ព្ទម៉ាកoppo ពណ៌ខ្មៅលាយក្រហម ចំនួនមួយគ្រឿង ដាក់ក្នុងឃ្លុបម៉ូតូខាងឆ្វេង រួចដោតកាសជាប់និឹងត្រចៀកទាំងសងខាងហើយនៅក្នុងស្រោមទូរស័ព្ទមានលុយចំនួន៤០ដុល្លារអាមេរិកថែមទៀត។ ពេលរូបនាងជិះម៉ូតូតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចមុខវិទ្យាល័យពងទឹក ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង៣០នាទីថ្ងៃខែឆ្នាំដដែលស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូចំនួនមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HJ -7100ស្របទិសគ្នាជាមួយម៉ូតូរបស់នាង។ពេលនោះជនសង្ស័យបានបើកម៉ូតូមកអែបខាងឆ្វេងដៃនាង ហេីយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកoppo ពណ៌ខ្មៅលាយក្រហម និងមានលុយ៤០ដុល្លាអាមេរិរបស់នាងរួចជិះគេច ហើយរូបនាងក៏បានជិះម៉ូតូដេញពីក្រោយស្រែកថាចោរៗឮដល់សមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុជួយធ្វើអន្តរាគមន៍ភ្លាមៗដោយដេញតាមពីក្រោយជនសង្ស័យ។បន្ទាប់មកជនសង្ស័យបានបើកម៉ូតូគេចតាមផ្លូវគោកខ្សាច់រហូតដល់ចំណុចស្ពានទួលស្វាយ ប្រឡាយតាហោ ស្ថិតនៅភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌកំបូលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីីតិវិធីច្បាប់តែម្តង។
ក្រោយមក ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ច ចំណែកជនសង្ស័យទាំងពីរនាក់ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំកសាងសំណុំរឿងបញ្ជូនតុលាការចាត់វិធានការតាមច្បាប់៕
ដោយ៖ ភារ៉ា ដង្កោ