ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ក្មួយៗយុវជនយុវនារីនិងបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ ការធ្វើបដិវត្តន៍ពណ៌ ការបម្រើមនោគមន៍វិទ្យាបរទេសនិងប្រឆាំងរាល់ការជ្រៀតជ្រែកពីសំណាក់កង កម្លាំងអមិត្តនិងមិនឲ្យមានក្រុមណាមួយឬចលនាណាមួយ ទាញសង្គមជាតិរបស់យើងឲ្យធ្លាក់ក្នុងវិបត្តិកលិយុគដូចពេលអតីតកាល៣ឆ្នាំ៨ខែនិង២០ថ្ងៃទៀតទេ បើទោះបីក្នុងតម្លៃណាក៏ដោយ។
លោក ឃួង ស្រេង បានអំពាវនាវបែបនេះកាលពី ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ខណៈ លោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរូប សំណាក«ស្ត្រីកំពុងអង្គុយអោបកូន» នៅមជ្ឈ មណ្ឌលប្រល័យពូជសាសន៍ជើងឯកស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជាយើង និយាយដោយឡែកនៅរាជធានីភ្នំពេញ ក្នុងពេលអតីតកាលនៃរបបប៉ុលពតគឺបានធ្វើឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងខ្មោចប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ជនបទគ្មានសល់ បញ្ញាវ័ន្តត្រូវបានសម្លាប់រង្គាល ប្រជាជនអត់អាហារស្គមស្គាំង មានតែស្បែកនិងឆ្អឹង សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មគ្រប់ប្រភេទត្រូវបានលុបបំបាត់និងមានសង្គ្រាមឈ្លបនឹងចលនាឧទ្ទាមពាសពេញប្រទេស ហើយហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានបំភ្លិចបំផ្លាញដល់ចំណុចសូន្យ។ដូច្នេះលោកសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់រក្សាឲ្យបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធ្វើយ៉ាងណាកុំឲ្យរបបប្រល័យពូជសាសន៍វិលមកជាលើកទីពីរម្ដងទៀត។
លោក បានបញ្ជាក់ថា ការកសាងរូបសំណាកស្ត្រីកំពុងអង្គុយអោបកូនស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះគឺដើម្បីរំលឹកឡើងវិញនូវ សច្ចធម៌ប្រវត្តិសាស្ត្រនៃជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដែលត្រូវព្រាត់ប្រាស់ក្រុមគ្រួសារ ប្រពន្ធព្រាត់ប្ដី ប្ដីព្រាត់កូន ហើយក៏មិនដឹងថាត្រូវព្រាត់ស្លាប់ឬ ព្រាត់រស់ ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវបានគេយកទៅសម្លាប់ប៉ុណ្ណោះ ពោលគឺជីវិតមានតែក្តីអស់សង្ឃឹមនិងភាពភ័យរន្ធត់គ្រប់ពេលវេលា។ ដូច្នេះយើងត្រូវតែចុងចាំគ្មានថ្ងៃបំភ្លេចនឹងត្រូវផ្សព្វផ្សាយដល់មនុស្សជំនាន់ក្រោយឲ្យបានយល់ដឹងកុំឲ្យរបបព្រៃផ្សៃនេះវិលត្រឡប់មកលើសង្គមជាតិយើងជាលើកទី២ទៀតឲ្យសោះ។
លោកស្រីរស់ សុភារ៉ាវី ប្រធានមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯកបានមានប្រសាសន៍លើកឡើងផងដែរថារូបសំណាកស្ត្រីអង្គុយឱបកូនក្នុងស្ថានភាពភ័យរន្ធត់និងអស់សង្ឃឹមក្នុងឆាកជីវិត ធ្វើឡើងអំពីស្ពាន់មានកម្ពស់២ម៉ែត្រមានខឿនពីរថ្នាក់កម្ពស់ ១,២២ម៉ែត្រ ថ្នាក់ទី១ កំពស់១ ,៨៦ម៉ែត្រ បណ្ដោយ ៤,២០ម៉ែត្រ កំរាលផ្ទៃខាងលើ៩ម៉ែត្រការ៉េនិងស៊ុំបូកថ្មលាងពណ៌ប្រផេះបិតម៉ាបពណ៌ខ្មៅនៅជញ្ជាំងទាំងបួនទិស ដោយមានចារិកអក្សរជាភាសាខ្មែរនិងអង់គ្លេស ដែលមានខ្លឹមសារ ស្ដីពីការចងចាំគ្មានថ្ងៃភ្លេចនូវរបបកម្ពុជាប្រជាធិបតេយ្យ ១៧ខែ ០៤ឆ្នាំ ១៩៧៥ ថ្ងៃ០៦ខែ ០១ឆ្នាំ១៩៧៩ ។ ថ្នាក់ទី២ កម្ពស់០,៣៦០ ម៉ែត្រ បណ្ដោយ ៤,២ម៉ែត្រ ផ្ទៃ កម្រាលថ្មម៉ាបពណ៌ប្រផេះខ្មៅ។រូបសំណាកនេះមានកំពស់សរុប៣,២២ម៉ែត្រ និងបានប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន ០៦ខែ៕ ដោយ៖សំរិត