ព័ត៌មានទាន់ហេតុការណ៍៖

លោកចូ បៃឌិន៖ ប្រធានាធិបតីត្រាំ ជំរុញឲ្យមានអំពើហិង្សាជាច្រើនឆ្នាំកន្លងមក

ចែករំលែក៖

អតីតអនុប្រធានាធិបតីអាមេរិក និងជាបេក្ខភាពប្រធានាធិបតីអាមេរិកសម្រាប់ការបោះឆ្នោតនៅដើម ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ចូ បៃឌិន​ បានថ្កោលទោសយ៉ាងខ្លាំង​ដល់ប្រធានាធិបតីត្រាំថា ​បានជំរុញឲ្យមានអំពើហិង្សា​នៅលើទឹកដីអាមេរិក ជាច្រើនឆ្នាំកន្លងមក​។ លោកបៃឌិនបានរិះគន់យ៉ាងខ្លាំង​ដល់លោក ត្រាំ​ដែលបានលើកឡើងថា​ទឹកដីអាមេរិកនឹងមិនមានសុវត្ថិភាព​ឡើយប្រសិនបើគណបក្សប្រជាធិបតេយ្យ​ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតខាងមុខនោះ។
មានប្រសាសន៍ នៅទីក្រុងPittsburghកាលពីថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២០ លោកចូ បៃឌិនបានរិះគន់យ៉ាងខ្លាំងដល់ការដឹកនាំមិនបានល្អ​របស់លោកត្រាំ ។ លោកបៃឌិនបញ្ជាក់ទៀតថា លោកត្រាំបានធ្វើឲ្យមានអំពើហិង្សានៅទូទាំងអាមេរិកជាច្រើនឆ្នាំកន្លងមក។
លោកបៃឌិនបានលើកឡើងទៀតថា លោកត្រាំ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឈមមុខ​នឹងការណ៍ពិត​ ក៏ដូចជាការដោះស្រាយ​ផ្សះផ្សារប្រទេសជាតិ​។ លោកបន្តទៀតថា «បើលោកត្រាំជាប់ឆ្នោតមួយអាណត្តិទៀត​ អំពើហិង្សានៅតែផ្ទុះឡើងពេញទឹកដីអាមេរិក​»។
បច្ចុប្បន្ន​ បេក្ខភាពប្រធានាធិបតី​អាមេរិកទាំងពីររូបបានខិតខំឃោសនាស្វែងរកសំឡេងគាំទ្រពីពលរដ្ឋសម្រាប់ការបោះឆ្នោតនៅថ្ងៃទី​៣ខែវិច្ឆិកាឆ្នាំ​២០២០ ។ បេក្ខភាពទាំងពីររូប គឺលោកបៃឌិននិង លោកត្រាំ ពេលនេះកំពុងតែផ្ទុះសង្គ្រាមពាក្យសម្តីនឹងគ្នាពេលឃោសនាបោះឆ្នោត។​
កន្លងមក លោកត្រាំ​បាននិយាយថា ពលរដ្ឋអាមេរិកចាំបាច់ត្រូវតែរៀនភាសាចិនឲ្យហើយទៅ ប្រសិនបើលោកបៃឌិនជាប់ឆ្នោតនោះ​៕ដោយ៖ធី រីណា


ចែករំលែក៖