អន្តរជាតិ៖ ប៉ូលិសឥណ្ឌា បានឃាត់ខ្លួនស្ត្រីបារាំងម្នាក់ ជាអ្នកទេសចរវ័យ២៧ឆ្នាំ បន្ទាប់ពីគាត់បានបង្ហោះវីដេអូអាក្រាតនៅលើស្ពានស័ក្ដិសិទ្ធិមួយនាក្រុង Rishikesh ភាគខាងជើងប្រទេសឥណ្ឌា។ ហើយស្រ្តីបារាំងរូបនោះប្រឈមជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៍មានThe Times of India ។
ការឃាត់ខ្លួនស្ត្រីបារាំងនេះ បានជាប់នៅប្រទេសឥណ្ឌាតាំងពីការបិទប្រទេសនៅខែមីនា មក។ ខណៈដែលគាត់បានដើរនៅលើស្ពានLaxman Jhula ដែលត្រូវបានចាត់ទុកជាស្ពានដ៏ស័ក្ដិសិទ្ធិមួយ ហើយបានឆ្លៀតថតវីដេអូខ្លួនឯង និងស្ត្រីម្នាក់ទៀត ដោយអាក្រាតពាក់កណ្តាលខ្លួន។
សូមជម្រាបថា បន្ទាប់ពីមានការបង្ហោះវីដេអូអាក្រាតរួចមក ក្រុមប្រឹក្សាក្រុងRishikesh លោក Gajendra Singh Sajwan បានប្តឹងទៅប៉ូលិសឲ្យចាប់ខ្លួនតែម្តង ។ ចំណែកឯស្រ្តីបារាំងរូបនេះ គាត់បានសារភាពប្រាប់ប៉ូលិសយ៉ាងដូច្នេះ «ខ្ញុំព្យាយាមថតដើម្បីផ្សព្វផ្សាយអាជីវកម្មត្បូងរបស់ខ្ញុំ»។
ដោយឡែកបើតាមព័ត៌មាននៅលើបណ្តាញសង្គម ស្ត្រីបារាំងរូបនោះ ទៅក្រុងRishikesh ដើម្បីពង្រីករបររកស៊ី និងហ្វឹកហាត់យោហ្គា។ ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីរូបនោះត្រូវបានដោះលែង ដោយស្ថិតក្រោមការឃ្លាំមើល ហើយទូរស័ព្ទរបស់គាត់ត្រូវបានដកហូត។ «ពិតជាសោកស្តាយខ្លាំងណាស់ ដែលបានធ្វើឲ្យប៉ះពាល់អារម្មណ៍ពលរដ្ឋសហគមន៍ ខ្ញុំមិនបានយល់ច្បាស់ពីវប្បធម៌នៅទីនេះ»។ គាត់បានសំដែងការសុំទោស។
បើតាមអាជ្ញាធរមូលដ្ឋាន ក៏បានបញ្ជាក់ថា ស្ពានថ្មើរជើង Laxman Jhula ជាគន្លងស្ពានដែលព្រះរាម ព្រះលក្ខណ៍ និងព្រះនាងសិតា ធ្លាប់ឆ្លងកាត់ហើយពលរដ្ឋឥណ្ឌា ដែលកាន់សាសនាហិណ្ឌូមានជំនឿយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា បើយោងតាមច្បាប់របស់ប្រទេសឥណ្ឌាវិញ ស្ត្រីនោះត្រូវជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ដោយរំលោភលើច្បាប់ និងបទបញ្ជាផ្សេងៗទាក់ទងនឹងការប្រើប្រាស់អ៉ីនធើណេតនៅក្នុងប្រទេសឥណ្ឌា ជាពិសេសទង្វើដែលទាក់ទងនឹងវប្បធម៌ សាសនាជាដើម ៕ដោយ៖ស តារា