អន្តរជាតិ៖ លោក Predee Daochai រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ ដោយលើកហេតុផលពាក់ព័ន្ធអំពីបញ្ហាសុខភាពរបស់ខ្លួន ក៏បានសម្រេចចិត្តលាលែងពីតំណែងរបស់លោក ក្រោយកាន់កាប់បានត្រឹមតែរយៈពេល២៦ថ្ងៃប៉ុណ្ណោះ។ប៉ុន្តែមុនដាក់ពាក្យលាលែងនេះ លោក Predee ត្រូវបានរាយការណ៍ថាខ្វែងគំនិតគ្នាជាមួយអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ Santi Promphat មកពីបក្សកម្លាំងប្រជារាស្រ្ត ទាក់ទងការតែងតាំងមន្រ្តីសំខាន់ៗរបស់ក្រសួង ពិសេសតំណែងអគ្គនាយកគយ។
ក្នុងការប្រកាសដោយរដ្ឋាភិបាលថៃ លោក Predee Daochai បានដាក់ពាក្យលាលែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុឲ្យនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចានៅថ្ងៃទី៣១ ខែសីហា ហើយការលាលែងនេះ មានប្រសិទ្ធភាពនៅថ្ងៃទី២ខែកញ្ញានេះ។
សូមជម្រាបថា លោក Predee Daochai ត្រូវបានមហាក្សត្រថៃ តែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីថ្ងៃទី៦ ខែសីហាកន្លងទៅនេះ ។
បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលដកស្រង់សម្តីលោកPredee បានអះអាងថា ដោយសារតែសុខភាពមិនល្អរបស់លោកទើបលោកសុំលាលែងពីតំណែង ខណៈនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ក៏បានបញ្ចុះបញ្ចូលឲ្យលោកបន្តដឹកនាំទៀតផងដែរ ។
កាសែតបាងកកប៉ុស្តិ៍ បន្តថា លោក Predee ចង់ឲ្យនាយកការិយាល័យគោលនយោបាយសារពើពន្ធលោក Lavaron Sangsnit ដឹកនាំអគ្គនាយកដ្ឋានគយ តែលោក Santi ស្នើលោក Prapas Kong-Ied ដែលជានាយកការិយាល័យគោលនយោបាយសហគ្រាសរដ្ឋ ជាបេក្ខជនវិញ។បញ្ហា ក៏កើតឡើងពេលប្រជុំគណៈរដ្ឋមន្រ្តីចល័តនៅខេត្ត Rayong នៅថ្ងៃទី២៥ ខែសីហាថ្មីៗនេះ ដែលកាលនោះ ឈ្មោះលោក Prapas ត្រូវបានប្រកាសជាបេក្ខជនសម្រាប់តំណែងខាងលើ ហើយលោក Predee ក៏តវ៉ា។
គួរបញ្ជាក់ថា ការសម្រេចចិត្តលើតំណែងអគ្គនាយកគយ ក៏ត្រូវបានផ្អាកសិនហើយបន្ទាប់មកទៀត គណៈរដ្ឋមន្រ្តីថៃក៏អនុម័តបេក្ខភាពលោកLavaron ទៅ។ ប៉ុន្តែទោះជាយ៉ាងណា លោក Predee ដែលជាអតីតប្រធានធនាគាររដ្ឋកសិករ ក៏នៅតែលាលែងដដែល ដែលទំនងជាមិនពេញចិត្តនឹងអ្វីដែលឡើង។
ទាក់ទិននឹងបញ្ហានេះដែរ ឧបនាយករដ្ឋមន្រ្តី ប្រាវីត វង្សសុវណ្ណ ក៏បានទាត់ចោលការរាយការណ៍នេះ និងថា លោក Predee ដាច់សរសៃឈាម៕ដោយ៖ស តារា