ប្រទេសថៃ៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ តំណាងឱ្យលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រះរាជូបត្ថម្ភក្នុងវិស័យអប់រំ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៍។
ពិធីចុះហត្ថលេខាកិច្ចលើកិច្ចព្រមព្រៀងគម្រោងព្រះរាជូបត្ថម្ភក្នុងវិស័យអប់រំដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន ខាងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ៖ បន្ទាប់ពីទទួលបានសិទ្ធិប្រទានពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក អ៊ុក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងភាគីកម្ពុជា បានចូលរួមចុះហត្ថលេខាជាមួយលោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស តំណាងភាគីថៃ បើកកិច្ចព្រមព្រៀងលើគម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ ស្តីពីការអភិវឌ្ឍវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនៅខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនៅខេត្តកំពង់ស្ពឺ ដែលជាព្រះរាជអំណោយរបស់ព្រះអង្គ ម្ចាស់ក្សត្រី មហាចក្រី សិរិនថន សម្រាប់រយៈពេល ៥ឆ្នាំបន្ថែមទៀត (ខែកញ្ញា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ ២០២៥) នៅទីក្រុងបាងកក ។ វិទ្យាស្ថានទាំងពីរនេះ បើកបង្រៀនថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាកសិកម្ម និងឧស្សាហកម្ម ក្នុងបេសកកម្មបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេស សម្រាប់ឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ បានកើតចេញពីការព្រះរាជតម្រិះផ្តួចផ្តើម ដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ក្សត្រី ក្នុងព្រះរាជបំណងចូលរួមអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាពសម្រាប់យុវជនកម្ពុជា ប្រៀបដូចជាអំណោយប្រកបដោយចីរភាព ដល់ប្រជាជនកម្ពុជា ដែលជាមិត្តនិឹងគ្នាជាយូរអង្វែងមកហើយ។
ការអនុវត្តគម្រោងព្រះរាជូបត្ថម្ភកន្លងមក បានជរុញទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និឹង ព្រះរាជាណាចក្រថៃឲ្យកាន់តែល្អប្រសើរ ជាពិសេសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការល្អ ទាំងផ្នែករដ្ឋ ឯកជន និងប្រជាជន ព្រមទាំងបង្កើតឲ្យមានការអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មី តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាចំនួន ២,១២៤ កន្លែង ចាប់ពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០២០ ដើម្បីជាការរួមចំណែក ក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សុខ ខេមរា