ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនមន្ត្រីយោធា ឈ្មោះ វណ្ណៈ ដែលបាញ់បោះសេរី នៅមុខហាង ស៊ីកនេតឈ័រ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកបានហើយ កាលពីវេលាម៉ោងជាង៤ ទៀបភ្លឺ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។
តាមប្រភពព័ត៌មានដែលយើងទទួលបាននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះ គឺ មន្ត្រីយោធារូបនេះ ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ហើយបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យបានទៅចូលផឹកស៊ីនៅហាង ស៊ីកនេតឈ័រ តែមិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែដកកាំភ្លើងខ្លីពីចង្កេះហើយអាម៉េបញ្ចូលគ្រាប់រួចដាក់លើតុ ។ ឃើញបែបនេះ មេការហាងបានដើរទៅសួរនាំ និងសុំទោសខ្មាន់កាំភ្លើង ដើម្បីឲ្យយកកាំភ្លើងទុកវិញ ព្រោះការធ្វើបែបនេះធ្វើឲ្យភ្ញៀវដទៃមានការភ័យខ្លាច។
ក្រោយមកខ្មាន់កាំភ្លើងបានគិតលុយ រួចចាកចេញពីហាង លុះមួយសន្ទុះក្រោយមកស្រាប់តែជិះម៉ូតូត្រឡប់មកវិញ រួចហើយបានដកកាំភ្លើងបាញ់ទៅលើផ្ទាំងយីហោនៅខាងមុខហាងចំនួន៤គ្រាប់តែម្ដង ទើបជិះម៉ូតូគេចខ្លួនបាត់ទៅ ៕
ដោយ៖ ចេស្តា