ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃ ប្រកាសរកឃើញអ្នកទោសម្នាក់ មានជំងឺCOVID-19 ក្រោយស្ងប់ស្ងាត់ក្នុងរយៈពេល ១០០ថ្ងៃ

ចែករំលែក៖

អន្តរជាតិ៖ ករណីឆ្លង COVID-19 នៅប្រទេសថៃ ក្រោយស្ងប់ស្ងាត់ក្នុងរយៈពេល ១០០ថ្ងៃ ស្រាប់តែអាជ្ញាធរថៃ នៅថ្ងៃទី៣ ខែកញ្ញាម្សិលមិញនេះ បានរាយការណ៍ថា មានករណីCOVID-19 ក្នុងស្រុក១ករណី។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់រកឃើញប្រភពចម្លងCOVID-19 នៅឡើយនោះទេ។

បើយោងតាមមន្រ្តីនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងប្រចាំប្រទេសថៃ បានប្រកាសរកឃើញ មានអ្នកទោសម្នាក់ ដែលមានអាយុ ៣៧ឆ្នាំ បានឆ្លងជំងឺCOVID-19 អាជ្ញាធរថៃ បានសង្កត់ធ្ងន់ថា អ្នកទោសរូបនេះ ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធករណីថ្នាំញៀន និងត្រូវបានឃុំខ្លួននៅមណ្ឌលកែប្រែពិសេសក្នុងទីក្រុងបាងកក។

បើតាមកាសែតបាងកកប៉ុស្តិ៍ បានចេញផ្សាយថា៖ បុរសរូបនេះ ត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី២៦ ខែសីហាមកម្លេះ ជាមួយនឹងអ្នកទោសចំនួន៣៤នាក់ផ្សេងទៀត។ កន្លងមកបុរសរូបនេះ ធ្លាប់មានទំនាក់ទំនងជាមួយសាច់ញ្ញាតិចំនួន ៥នាក់ផងដែរ

សូមជម្រាបថា មុននឹងចាប់ខ្លួនពីបញ្ហាគ្រឿងញៀន បុរសរូបនេះ គឺជាDJ នៅក្នុងផាប់មួយកន្លែង និងធ្វើការនៅក្នុងភោជនីយដ្ឋានផងដែរ ។មនុស្សដែលធ្លាប់មានទំនាក់ទំនងជាមួយបុរសរូបនេះ កំពុងស្ថិតក្រោមការត្រួតពិនិត្យខណៈអាជ្ញាធរសុខាភិបាលថៃ អះអាងថា ស្ថានភាពឆ្លងស្ថិតនៅក្រោមការគ្រប់គ្រង។

ដោយឡែកចំពោះករណីឆ្លងក្នុងស្រុក បានកើតឡើងបន្ទាប់ពី នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា បានអបអរសាទរ ជុំវិញថៃគ្មានករណីឆ្លងក្នុងស្រុករយៈពេល ១០០ថ្ងៃ នៅថ្ងៃទី២ ខែកញ្ញា។ ករណីឆ្លងក្នុងស្រុកចុងក្រោយរបស់ថៃ គឺនៅថ្ងៃទី២៤ ខែឧសភា។ បើគិតត្រឹមថ្ងៃទី៣ខែកញ្ញា ថៃមានករណីឆ្លងសរុបចំនួន ៣៤២៧ករណី អ្នកស្លាប់ចំនួន ៥៨នាក់ និងអ្នកជាសះស្បើយមានចំនួន ៣២៧៧នាក់៕ដោយ៖ស តារា


ចែករំលែក៖