ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនចោរឆក់ម្នាក់ទៅតុលាការខណៈបក្ខពួកម្នាក់ទៀតកំពុងដាក់មេផាយបាត់

ចែករំលែក៖

      ខេត្តពោធិ៍សាត់ ៖ មន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នេះថា កម្លាំងនគរបាលខេត្តបាននិងកំពុងបញ្ជូនខ្លួនជនសង្ស័យចោរឆក់ម្នាក់ទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ខណៈបក្ខពួក១នាក់ទៀតកំពុងរត់គេចខ្លួន ។

 ករណីបញ្ជូនខ្លួនជនសង្ស័យចោរឆក់ទៅសាលាដំបូងខាងលើ ត្រូវបានលោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប្រាប់អ្នកសារព័ត៌មាន(នគរវត្ត)តាមទូរស័ព្ទនាព្រឹកថ្ងៃដដែលនេះថា ជនសង្ស័យត្រូវបញ្ជូនឈ្មោះ ខែម វណ្ណៈ ហៅមូម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។ ការឃាត់ជនសង្ស័យរូបនេះ គឺអនុវត្តឡើងកាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នៅ ត្រង់ចំណុចមុខសាលាខេត្តពោធិ៍សាត់ ស្ថិតនៅភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ នៅគ្រាដែលជនសង្ស័យរូបនេះ កំពុងធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម គ្មានស្លាកលេខ ជាម៉ូតូខ្ចីគេ បានធ្វើសកម្មភាពឆក់កាបូបលុយពីជនរងគ្រោះម្នាក់បានសម្រេចរំលងបាន១ថ្ងៃ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ជា ភារក្ស ហៅទិ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ បច្ចុប្បន្ន(រត់គេចខ្លួន) ។

ប្រភពដដែលបានឲ្យដឹងទៀតថាជនសង្ស័យ២នាក់ខាងលើជិះម៉ូតូ១គ្រឿងដែលបង្រ្កាបបាននេះធ្វើសកម្មភាពឆក់កាបូបបានសម្រេចពីស្រ្តីជិះម៉ូតូឌុបគ្នា នៅចំណុចក្បែរង្វង់មូលច្រមុះជ្រូកផ្សារចាស់ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ។

ដោយសារសមត្ថកិច្ចជំនាញខេត្តស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពឃើញសកម្មភាពជាក់ស្តែងនិងស្គាល់មុខសញ្ញាទាំងនេះទើបសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ឯម្នាក់ទៀតកំពុងគេចខ្លួនក៏កំពុងតាមចាប់ខ្លួនដែរ៕ដោយ៖ប៉ឹម ពិន

 


ចែករំលែក៖