ព័ត៌មានទាន់ហេតុការណ៍៖

យោធភូមិភាគទី៥ ផ្សព្វផ្សាយការងារបង្ការទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សារី ហ្សាបឺត មេបញ្ជាការរង យោធភូមិភាគទី៥ បានធ្វើការចុះផ្សព្វផ្សាយ ការងារបង្ការទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរ គ្រឿងញៀនមិនឱ្យកើតមានក្នុងជួរទ័ព នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ សារី ហ្សាបឺត បានលើកពីគោលបំណង គឺពង្រឹង ទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀនមិនឱ្យកើតមានជាដាច់ខាតក្នុងជួរកងទ័ពខណៈដែលលោកអញ្ជើញចុះផ្សព្វផ្សាយ ការងារបង្ការទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរ គ្រឿងញៀនក្នុងទីបញ្ជាការយោធភូមិភាគទី៥។

លោកបានបន្ថែមទៀតថា ៖ បញ្ហាគ្រឿងញៀននេះ គឺជាបញ្ហារួមទាំងអស់គ្នា ទាមទារឱ្យមានការសហការពីគ្រប់ភាគីអ្នកពាក់ព័ន្ធពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋផ្ទាល់ដែលត្រូវរួមគ្នាក្នុងការបង្ការបង្ក្រាប និងទប់ស្កាត់ឱ្យខានតែបានកុំឲ្យគ្រឿងញៀន ចូលមកដល់សហគមន៍។ ទាំងនេះគឺដើម្បីធានារក្សាបាន សុខសុវត្ថិភាព និងភាពថ្លៃថ្នូរក្នុងសង្គមកម្ពុជា។

លោកបានផ្តាំផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំណែនាំដល់ក្រុមគ្រួសារនិងសហគមន៍ ធ្វើយ៉ាងណា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចងចាំថាគ្រឿងញៀនជាអំពើខុសច្បាប់៕

ដោយ៖ សិលា


ចែករំលែក៖