អន្តរជាតិ៖ ឃាតកស្រីដៃឆៅម្នាក់ គ្រាន់តែរឿងស្រ្តីវ័យ៧៤ឆ្នាំម្នាក់ ជាថៅកែហាងកាត់សក់ ខណៈដែលថៅកែរូបនេះកាត់សក់ឲ្យនាងមិនស្អាតក៏ប្រើកាំបិតចាក់សម្លាប់ បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ។ មិនតែប៉ុណ្ណោះក្រោយសម្លាប់មនុស្សរួច នាងបានលួចគ្រឿងអលង្ការពីខ្លួនស្ត្រីចំណាស់ផងដែរ ។
បើតាមប្រភពព័ត៌មានពីប៉ូលិសថៃ បានអះអាងកាលពីថ្ងៃសៅរ៍ទី៥ ខែកញ្ញាម្សិលមិញនេះថា ស្រីជាជនដៃដល់មានឈ្មោះ Araya Sra-On អាយុ២២ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទឃាតកម្មដោយចេតនា និងប្លន់យកទ្រព្យសម្បត្តិ ។ រីឯស្រ្តីរងគ្រោះឈ្មោះ Banyat Kanthong អាយុ៧៤ឆ្នាំ នៅឯហាងរបស់គាត់នៅស្រុក Phitsanulok ប្រទេសថៃ ។
ប៉ូលិសដដែលបន្តថា ក្រោយឃាត់ខ្លួនជនដៃដល់ឈ្មោះ Araya Sra-On បានសារភាពថា នាងបានសម្លាប់ស្រ្តីរងគ្រោះឈ្មោះ Banyat Kanthong អាយុ ៧៤ឆ្នាំ នៅក្នុងហាងរបស់គាត់ក្នុងស្រុក Phitsanulok ព្រោះតែខឹងជនរងគ្រោះកាត់សក់ឲ្យខ្លួនមិនស្អាតដូចចិត្ត។ ប៉ូលិសបន្ថែមថា សាកសពស្ត្រីរងគ្រោះពោរពេញដោយឈាម ហើយ–ក របស់គាត់មានស្នាមចាក់ជ្រៅដល់ទៅ ១៥ សង់ទីម៉ែត្រ។ ចំណែកឯគ្រឿងអលង្ការមានដូចជា៖ ខ្សែកខ្សែដៃ និងចិញ្ចៀន បានបាត់ពីខ្លួនគាត់ផងដែរ។
បើយោងតាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា មានស្ត្រីម្នាក់បានដើរចូលទៅក្នុងហាង ហើយឈ្លោះប្រកែកជាមួយលោកយាយBanyat ។ រួចស្ត្រីនោះ បានចាកចេញហើយបានជិះម៉ូតូពណ៌ក្រហមចេញទៅបាត់។ បន្ទាប់មកសពរបស់លោកយាយ Banyat Kanthong ត្រូវបានរកឃើញនៅក្នុងបន្ទប់ក្នុងហាង ដោយកូនប្រសារអាយុ ៤៦ឆ្នាំ របស់គាត់ឈ្មោះថា Manat Kanthongchuchok ។
បច្ចុប្បន្នប៉ូលិស កំពុងប្រមូលភ័ស្តុតាង និងស៊ើបអង្កេតរឿងនេះបន្ថែមទៀត៕ដោយ៖ស តារា