ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មឈានចូលថ្ងៃទី​១០០ នៅ Portland ក្រុមបាតុករគប់ដបសាំងទៅលើកម្លាំងប៉ូលិស

ចែករំលែក៖

ក្រុមបាតុករនៅទីក្រុង Portland រដ្ឋ​ Oregon បានគប់ដុំថ្ម​ ដបសាំងទៅលើកម្លាំងប៉ូលិសក្នុងយប់ថ្ងៃទី​១០០​ នៃការធ្វើបាតុកម្មប្រឆាំង​ការរើសអើងជាតិសាសន៍។ ប៉ូលិសទីក្រុង Portland បានឲ្យដឹងថា អំពើហិង្សា​បានកើតឡើងនៅយប់ថ្ងៃទី​៥ខែកញ្ញា (ពេលវេលានៅអាមេរិក)​ នៅSoutheast Stark ក្នុងទីក្រុង​ខាងលើ។
ប៉ូលិសទីក្រុង​ Portland បានប្រកាសនៅលើបណ្តាញសង្គម ​Twitter នៅថ្ងៃទី​៦ខែកញ្ញាថា «ក្រុមបាតុករ បានគប់ដបសាំងទៅលើកម្លាំង​ប៉ូលិស ប៉ុន្តែដបសាំងនោះបែរជាទៅចំបាតុករទៅវិញ​ បណ្តាលឲ្យមានអ្នករងរបួស​។ កម្លាំងប៉ូលិសបានព្យាយាមរក្សាសន្តិសុខសណ្តាប់ធ្នាប់។
ទីក្រុង​ Portland បានឆ្លងកាត់ការធ្វើបាតុកម្មរយៈពេល​១០០ថ្ងៃកន្លងមក​ប្រឆាំងនិឹងការរើសអើងជាតិសាសន៍ និងការប្រើអំពើហិង្សាពីកម្លាំងប៉ូលិស។ មានបាតុកម្មជាច្រើនកើតឡើងដោយសន្តិវិធី ប៉ុន្តែក្រោយមកក៏ក្លាយជាអំពើហិង្សា​។
ការធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍កើតឡើងទូទាំងអាមេរិក តាំងពីចុងខែឧសភា ក្រោយការស្លាប់​ជនជាតិស្បែកខ្មៅឈ្មោះ​George Floyd ត្រូវប៉ូលិសនៅទីក្រុង Minneapolis សង្កត់ក រហូតដល់ស្លាប់​។ តាំងពីពេលនោះមក មានបាតុកម្មកើតឡើងជាបន្តបន្ទាប់ប្រឆាំងការរើសអើងជាតិសាសន៍ពីសំណាក់ប៉ូលិសអាមេរិក៕ដោយ៖ធី រីណា


ចែករំលែក៖