ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី​អុីរ៉ង់ បង្ហាញ​ការ​អន់​ចិត្តនឹង​ប្រទេស​ជា​មិត្ត​របស់​អុីរ៉ង់​ដែល​មិន​ព្រម​ងើបឡើង​ប្រឆាំង​អាមេរិក

ចែករំលែក៖

អន្តរជាតិ៖ មេដឹកនាំអុីរ៉ង់ លោក ហាសាន់ រូហានី កាលពីថ្ងៃទី៥ ខែកញ្ញាថ្មីៗនេះ បានបង្ហាញការអន់ចិត្តនឹងប្រទេសជាមិត្តរបស់អុីរ៉ង់ដែលមិនព្រមងើបឡើងប្រឆាំងអាមេរិក និងបន្តការរកស៊ីជាមួយអុីរ៉ង់អំឡុងពេលវិបត្តិCOVID-19 មិនតែប៉ុណ្ណោះប្រធានាធិបតីអុីរ៉ង់រូបនេះ បានប្រើពាក្យសម្ដីខ្លាំងៗ វាយប្រហារអាមេរិកដោយសារតែមិនព្រមដកទណ្ឌកម្មលើអុីរ៉ង់សិនក្នុងពេលមានវិបត្តិ​COVID-19 ធ្ងន់ធ្ងរ

បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ប្រភពពី លោកប្រធានាធិបតីអុីរ៉ង់ ដែលថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃទីខែកញ្ញាបានបញ្ចេញអារម្មណ៍ខកចិត្តនឹងអាមេរិក និងប្រទេសជាមិត្តរបស់អុីរ៉ង់ផងលោក រូហានី បន្ថែមថា ប៉ុន្មានខែក្រោយ COVID-19 ទៅដល់អុីរ៉ង់ គ្មាននរណាជួយប្រទេសលោកឡើយ ចំណែកអាមេរិកវិញ ក៏គ្មានបេះដូងខួរក្បាល មនុស្សធម៌អ្វីទៅទៀត ព្រោះបើមានអាមេរិកដកទណ្ឌកម្មមួយឆ្នាំសិនបាត់ទៅហើយ

​​លោក រូហានី សង្កត់ធ្ងន់ថា អាមេរិកបែរជាដាក់ទណ្ឌកម្ម និងសម្ពាធថ្មីៗលើអុីរ៉ង់ក្នុងពេលខែមកនេះ នៅពេលអាមេរិកធ្វើសកម្មភាពបែបនេះប្រធានាធិបតីអុីរ៉ង់រូបនេះ ក៏និយាយដល់ប្រទេសជាមិត្តរបស់អុីរ៉ង់ ដែលមិនតតាំងនឹងអាមេរិក

ប្រធានាធិបតីអុីរ៉ង់រូបនេះ និយាយថា៖ «​មិនមានប្រទេសមិត្តភក្តិណាប្រាប់យើងថា នៅពេលលំបាកបែបនេះ និងដើម្បីមនុស្សធម៌ផង យើងនឹងងើបឡើងប្រឆាំងអាមេរិក ហើយធ្វើពាណិជ្ជកម្មជាមួយអុីរ៉ង់ ទោះអាមេរិកដាក់ទណ្ឌកម្មក្ដី​»

គួរបញ្ជាក់ថា អុីរ៉ង់ ជាប្រទេសរងគ្រោះខ្លាំងជាងគេ និងមុនគេដោយសារជំងឺCOVID-19 នៅមជ្ឈិមបូព៌ា តួលេខអ្នកឆ្លងសរុបនៅប្រទេសមានច្រើនជាង៣៨ម៉ឺននាក់ ហើយច្រើនជាន់២២ពាន់នាក់ទៀត បានបាត់បង់ជីវិត ខណៈពេលជួបបញ្ហាវិបត្តិធ្ងន់ធ្ងរបែបនេះ អុីរ៉ង់ ពិតជាពិបាកដកដង្ហើមព្រោះត្រូវអាមេរិកដាក់ទណ្ឌកម្ម

សូមជម្រាបថា បើមែនទែនទៅ ប្រទេសជាច្រើន ក៏មិនអាចរកស៊ីជាមួយអុីរ៉ង់ទៅទៀត ព្រោះអាមេរិក មិនត្រឹមដាក់ទណ្ឌកម្មលើប្រទេសមជ្ឈិមបូព៌ានេះឡើយ ហើយថែមបានគំរាមដាក់ទណ្ឌកម្មលើប្រទេសណាដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនេះទៀតផងខ្លាចរអានឹងការគំរាមរបស់អាមេរិកដែលជាមហាអំណាច ប្រទេសជាច្រើននាំគ្នាផ្អាករកស៊ីជាមួយអុីរ៉ង់ ដោយនៅសល់តែប្រទេសខ្លះដូចជារុស្ស៊ីប៉ុណ្ណោះ៕ដោយ៖ស តារា


ចែករំលែក៖