ព័ត៌មានទាន់ហេតុការណ៍៖

ចិនចោទប្រកាន់ឥណ្ឌា បន្តឌឺដងដោយយោធានៅតំបន់ព្រំដែនមានវិវាទ

ចែករំលែក៖

កម្លាំងទាហានចិននៅថ្ងៃទី​៧ខែកញ្ញា បានចោទប្រកាន់ឥណ្ឌា ​«បាញ់ព្រមានហួសហេតុ​»នៅតំបន់ភាគខាងត្បូងទន្លេ Pangong ​​ស្ថិតនៅតំបន់ Chushul ព្រំដែនប្រទេសទាំងពីរ។
នៅក្នុងសេចក្តីប្រកាស​នៅវេលាម៉ោង​១និង​៣០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) លោកZhang Shuili អ្នកនាំពាក្យកម្លាំងទាហានចិនប្រចាំភូមិភាគខាងលិច​បានបញ្ជាក់ថា ឥណ្ឌាបានឆ្លងចូលតំបន់គ្រប់គ្រងព្រំដែនពិតប្រាកដ (LAC) ហើយចូលទៅកាន់ មាត់ទន្លេPangongភាគខាងត្បូង ។ លោក Zhang Shuili បានចោទប្រកាន់កម្លាំងទាហានឥណ្ឌា បាញ់ព្រមានហួសហេតុទៅលើទាហានចិនដែលយាមល្បាត ។ សកម្មភាពខាងលើកើតឡើងក្នុងពេលប្រទេសទាំងពីរកំពុងតែត្រៀមលក្ខណៈពិភាក្សា​ស្តីពីវិវាទនៅព្រំដែន។
ភាគីចិនបានចោទប្រកាន់សកម្មភាពរបស់ទាហានឥណ្ឌាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់កិច្ចព្រមព្រៀងដែលទទួលបាន និងធ្វើឲ្យងាយយល់ច្រឡំនឹងគ្នាឈានដល់ការផ្ទុះអាវុធ ។
សូមបញ្ជាក់ផងដែរថា កាលពីចុងសប្តាហ៍កន្លងមក ឥណ្ឌានិងចិន បានព្រមព្រៀងគ្នា ដើម្បីបន្តឆ្តោះទៅកាត់បន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនជម្លោះរវាងភាគីទាំងពីរ បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរទើបជួបពិភាក្សាគ្នា។ ក្រសួងការពារជាតិឥណ្ឌា បានគូសបញ្ជាក់ថា ប្រទេសទាំងពីរបានឯកភាពគ្នាយ៉ាងដូច្នេះថា «ភាគីទាំងសងខាងមិនគួរធ្វើសកម្មភាពអ្វីបន្ថែមទៀត ដែលអាចបង្កភាពស្មុគស្មាញដល់ស្ថានការណ៍បច្ចុប្បន្ន ឬក៏បង្កើនបញ្ហានៅតាមតំបន់ព្រំដែនឡើយ»៕ដោយ៖ធី រីណា


ចែករំលែក៖