ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿនជ្រុល​ទៅបុក​រថយន្ត​សាំ​យ៉ុង ​បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងរបួសមនុស្ស៣នាក់

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់បើករថយន្តលឿនដូចហោះទៅដល់ផ្លូវបែក​ជា​៤ ក៏ជ្រុល​ទៅបុក​រថយន្ត​សាំ​យ៉ុងយ៉ាងពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​​ក្រឡាប់​ផ្ងារជើង និងរងរបួសមនុស្ស៣នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​។​

​ហេតុការណ៍នេះបាន​កើតឡើង​នៅ​ម៉ោង ២ និង​៣០ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​​ទី​១០ ខែកញ្ញា ឆ្នាំ ២០២០នៅតាមបណ្តោយផ្លូវលេខ២៥៣កែង​នឹង​ផ្លូវលេខ២០២ត្រង់ចំណុច​មុខ​សាលា​រៀនទឹកល្អក់ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់បានឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌សពាក់ស្លាកលេខ កំពត 2B-0808 រួម​ដំណើរ​គ្នា៨នាក់​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅជើងតាមបណ្តោយផ្លូវលេខ២៥៣ ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវ​បំបែកជា​៤ ស្រាប់តែ​ឃើញ​រថយន្ត​​ម៉ាកតូយ៉ូតា RAV 4 ពណ៌ ទឹកប្រាក់ពាក់ស្លាក ភ្នំពេញ 2BC-3977 បើកបរម្នាក់ឯងតាមផ្លូវលេខ២០២​ ក្នុងទិសដៅ​ពី​កើតទៅលិច បាន​ជ្រុល​ទៅបុក​រថយន្ត​សាំ​យ៉ុងពេញទំហឹង​បណ្តាល​ឲ្យ​រថយន្តសាំ​យ៉ុង​ក្រឡាប់​ផ្ងារជើង និង​រងរបួស​អ្នកជិះធ្ងន់​ស្រាល៣នាក់ ចំណែកឯ​រថយន្ត​បង្កបាន​ឆ្លង​ចរន្ត​ឆេះ តែ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​យក​បំពង់​អគ្គិភ័យ​បាញ់ពន្លត់​ទាន់ពេល ។​

​បន្ទាប់​ពីកើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មក​វាស់វែង​យក​រថយន្ត​ទាំង២​គ្រឿងនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកផ្លូវ​​រង់ចាំ​ដោះស្រាយ​គ្នានៅពេល​ក្រោយ​៕ ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖