ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំតំណាងប្រទេសម្ចាស់ជំនួយនៃគម្រោងបោសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR4) រួមមាន អូស្ត្រាលី កូរ៉េខាងត្បូង អង្គការ UNDP និងមានការចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងលោក ហេង រតនា អគ្គនាយក CMAC ដើម្បីពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ CMAC នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ ក្នុងគោលបំណងបង្ហាញពីសកម្មភាពបោសសម្អាតមីន រួមចំណែកក្នុងការគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍ និងជួបសំណេះសំណាលជាមួយអ្នកទទួលផលពីដីបោសសម្អាតមីនរួច។
លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោដែលជាប្រធានអាជ្ញាធរមីន សូមថ្លែងនូវអំណរគុណចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តទាំងអស់ ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វិស័យសកម្មភាពមីន។
គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ មានការគាំទ្រថវិកាពី ប្រទេសអូស្រ្តាលី ប្រទេសណូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងអង្គការ UNDP ដោយផ្តោតសំខាន់ទៅលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គាំទ្រកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន ការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន និងការពង្រឹងសមត្ថភាពថ្នាក់ជាតិ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រេចឲ្យបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥។
ចាប់ពីឆ្នាំ ២០០៦ រហូតដល់ខែកក្កដា ឆ្នាំ ២០២០ គម្រោងបានបោសសម្អាតដីមានមីនចំនួន ២៤៦.៥ គីឡូម៉ែត្រការ៉េ ដោយរកឃើញនិងបានបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៦៩.៨១៥ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១.៤៩៦ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២១២.៥៥៥គ្រាប់ ដែលបានផ្តល់ផលប្រយោជន៍ជាប្រយោលដល់ប្រជាជនក្នុងសហគមន៍ប្រមាណ ១.០២៨.៦៨៣ នាក់ ក្នុងនោះ ៥០ ភាគរយជាស្ត្រី។
លោក អ៊ុំ រាត្រី អភិបាលខេត្តគូសបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយក្នុងចំណោមខេត្តដែលមានជនរងគ្រោះថ្នាក់ដោយគ្រាប់មីនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ផ្ទៃដីមានមីនចំនួន ២២៣ គីឡូម៉ែត្រក្រឡាត្រូវបានបោសសម្អាត និងយកមកប្រេីប្រាស់ និងនៅសល់ដីប្រមាណ ១៤៧ គីឡូម៉ែត្រក្រឡាដែលនៅមានការគម្រាមដោយសារមីន។ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ខេត្តបន្ទាយមានជ័យ មានជនរងគ្រោះដោយសារមីននិងគ្រាប់ចំនួន ៨.៨៨២នាក់ ស្មើនឹង ១៤% នៃគ្រោះថ្នាក់ទូទាំងប្រទេស។ ដោយឡែក ឃុំអូរបីជាន់ គឺជាឃុំមួយក្នុងចំណោមឃុំដែលមានមីនច្រើនបំផុតក្នុងខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ និងរបួសចំនួន ១៣៨ នាក់ ស្រី ១០នាក់ ដោយសារមីនចំនួន ១២៨នាក់។ ឃុំអូរបីជាន់ មានផ្ទៃដីដែលបានបោសសម្អាតមីនរួចចំនួន ១៧,៤ គីឡូម៉ែត្រក្រឡា ហើយនៅសល់ផ្ទៃដីសង្ស័យថាមានមីនចំនួន ១៦,៥ គីឡូម៉ែត្រក្រឡា។ ក្នយងនាមអាជ្ញាធរខេត្ត លោក អ៊ុំ រាត្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្រ្តាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ និងអង្គការ UNDP ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផលដំណាក់កាលទី៤ ក្នុងការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដេីម្បីផ្តល់ដីមានសុវត្ថិភាព និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យរួចផុតពីការគម្រាមកំហែងដោយសារមីន៕
ដោយ៖ សិលា