ព័ត៌មានទាន់ហេតុការណ៍៖

បារាំង៖ មនុស្សជិត១សែននាក់ចូលរួមធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍

ចែករំលែក៖

មនុស្សជិត ៩១.០០០នាក់ បានចូលរួមក្នុងការតវ៉ាទូទាំងប្រទេសបារាំង រួមទាំងនៅទីក្រុងប៉ារីស ទីក្រុងកំពង់ផែ Marseille និងទីក្រុង Lille ប្រឆាំងការរើសអើងជាតិសាសន៍។ មនុស្សមួយចំនួនបានធ្វើសកម្មភាពយ៉ាងគឃ្លើន និងប៉ះទង្គិចជាមួយប៉ូលិស។
នៅថ្ងៃទី 22 ខែមីនា មនុស្សរាប់ម៉ឺននាក់បានដើរតាមផ្លូវក្នុងទីក្រុងជាច្រើនរបស់បារាំង រួមទាំងរដ្ឋធានីប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការកើនឡើងនៃមនោគមវិជ្ជាស្តាំនិយម។ ការតវ៉ានេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ការរើសអើងជាតិសាសន៍។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបារាំង ប្រជាជនសរុបជិត ៩១.០០០នាក់ បានចូលរួមក្នុងការតវ៉ាទូទាំងប្រទេស ក្នុងនោះរដ្ឋធានីប៉ារីសមានប្រមាណ ២១.៥០០នាក់ ទីក្រុងកំពង់ផែ Marseille មានប្រជាជន ៣.៣០០នាក់ និងទីក្រុង Lille ភាគខាងជើងមាន ២៦០០នាក់។
អ្នកតវ៉ាជាច្រើននាក់កាន់បដាប្រឆាំងហ្វាស៊ីស។ ប្រធានក្រុមប្រឆាំងការរើសអើងជាតិសាសន៍ SOS លោក Dominique Sopo បានព្រមានថា មានរលកនៃការប្រឆាំងនឹងមូស្លីម និងមនោសញ្ចេតនាប្រឆាំងបរទេសនៅច្រើនកន្លែង។
សម្ព័ន្ធសិទ្ធិមនុស្សក៏បានព្រមានអំពី “ការកើនឡើងគួរឱ្យព្រួយបារម្ភ” នៅក្នុងសកម្មភាពប្រកាន់ពូជសាសន៍។ លោក Evelyne Dourille អាយុ 74 ឆ្នាំជាអ្នករស់នៅទីក្រុងប៉ារីសបាននិយាយថាមនោគមវិជ្ជាស្តាំនិយមកំពុងកើនឡើងនៅទូទាំងទ្វីបអឺរ៉ុបដែលបង្កឱ្យមានការភ័យខ្លាចនៅក្នុងប្រទេសបារាំង។
គួរកត់សម្គាល់ថា ក្រុមបាតុករមួយចំនួនបានធ្វើសកម្មភាពខ្លាំងៗ ដូចជាការប៉ះទង្គិចជាមួយប៉ូលិស។ យោងតាមព័ត៌មានពីក្រសួងមហាផ្ទៃ ការប៉ះទង្គិចគ្នានៅទីក្រុងប៉ារីសបានបណ្តាលឲ្យមនុស្ស៣នាក់រងរបួស ក្នុងនោះមានមន្ត្រីប៉ូលិសកុបកម្មម្នាក់ និងមនុស្សពីរនាក់ត្រូវបានចាប់ខ្លួន។ ក្រៅពីនេះ មនុស្សបីនាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងផ្សេងទៀត៕ ដោយ៖ ធីរីណា

រូបថត​៖ X


ចែករំលែក៖