ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេស សមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ប៉េងពោធិ៍សា អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេស សមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។

ការអំពាវនាវធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា​ និងសមិទ្ធផលនានាក្នុងវត្តសាមគ្គីមុនីរតន៍​ ស្ថិតនៅភូមិគោកល្វៀង​ សង្កាត់ព្រៃអង្គុញ​ ក្រុងបាវិត​ ដោយមានការចូលរួមពី លោក លឹមសៀងហេង អភិបាលក្រុង ​ លោកប្រធានក្រុមប្រឹក្សាក្រុង មេបញ្ជាការកងកម្លាំងទាំង៣​ លោក​ លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត​ សមាជិកក្រុមប្រឹក្សាក្រុង​ លោក​ អភិបាលរងក្រុងបាវិត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត​ និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបប្រមាណ៣៥០នាក់។

លោក អភិបាលខេត្តមានប្រសាសន៍ថា​ ពិធីកាត់ខ្សែបូសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នាពេលនេះ គឺមិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿ និងការគោរពប្រណិប័តដ៏ជ្រាលជ្រៅ ចំពោះ វិស័យព្រះពុទ្ធសាសនា ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូន ប្រជាពលរដ្ឋយើង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ទន្ទឹមនេះ​ ទីវត្តអារាម និងព្រះពុទ្ធសាសនា មិនគ្រាន់តែជាទីគោរពសក្ការៈបូជា តាមជំនឿសាសនា ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកោសិកាដែលបណ្តុះនូវបញ្ញាញាណ ថ្នាលសម្រាប់សាបយកគ្រាប់ ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ ។

លោកបន្តថា​ សមិទ្ធផលដែលកើតឡើងនៅទីនេះ ពិតណាស់គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម របស់យើងគឺសម្តេចតេជោ ប្រធានព្រឹទ្ធសភាហើយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។​ ជាក់ស្តែង សមិទ្ធផលជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេណវត្តសាមគ្គីមុនីរតន៍ យើងនេះគឺទទួលបានពីការចូលរួមវិភាគទាន ដែលជាសិល្បៈ នៃការចែករំលែករបស់ សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ គ្នា។

លោកបានអំពាវនាវទៅកាន់ពិធីនេះនូវបញ្ហាសំខាន់ៗមួយចំនួនដូចជា៖

សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បី អនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។

សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាជួយ ណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន ។

និងសូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវតែបន្តបង្កើនការយកចិត្តទុកដាក់ឲ្យបាន កាន់តែសកម្មថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើស គ្រឿងញៀន ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់ នៅ មូលដ្ឋាន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរគ្រប់ពេលវេលា និង គ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ។

ជាចុងបញ្ចប់នេះដែ លោកបាននាំមកនូវបច្ច័យ និងអំណោយ (ក្នុងនោះក៏មានការចូល រួមពីសប្បុរសជនរបស់ផងដែរ) សម្រាប់ពិធីនេះមាន៖

ជូនយាយជី តាជី លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ៣១៥នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង ១ និងថវិកា ១០.០០០៛ ជូនសាលាក្រុងបាវិត ៥០០.០០០៛

ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង ដែលចូលរួមេរៀបចំ សណ្តាប់ធ្នាប់ក្នុងពិធីនេះ ក្នុង ១អង្គភាព ៥០០.០០០៛

ជូនសង្កាត់ព្រៃអង្គុញ ៥០០.០០០៛ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ៥០០.០០០៛

ជូនកម្លាំងប្រជាការពារ ៥០០.០០០៛ ឧបត្ថម្ភថវិកាកសាងវត្ត​ និងសម្រាប់រៀបចំកម្មវិធីនេះចំនួន​ ១០លានរៀន​ ផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖