ព័ត៌មានទាន់ហេតុការណ៍៖

រាត្រីវប្បធម៌ និងពិព័រណ៍រូបថត ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម លោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីមេគង្គឡានឆាងកម្ពុជា លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និង លោក LU Qizhi ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីរាត្រីវប្បធម៌ និងពិព័រណ៍រូបថត ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ឆ្នាំ២០២៥ និងពិសាអាហារពេលល្ងាច ជាមួយមុខម្ហូបខ្មែរ អមដោយការសម្តែងរបាំប្រពៃណីខ្មែរ។

លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា មានប្រសាសន៍ថា ទិវាសប្តាហ៍មេគង្គឡានឆាង ជាផ្នែកមួយដ៏សំខាន់នៃលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង (NSC-MLC) ដើម្បីបង្ហាញពីសាមគ្គីភាពរបស់យើងសម្រាប់ចក្ខុវិស័យ និងគោលដៅរួម។ ឆ្នាំនេះ យើងទិវារត់កម្សាន្តអបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង នៅខេត្តសៀមរាប ព្រមទាំងរៀបចំកម្មវិធីរាត្រីវប្បធម៌ ពិព័រណ៌រូបថត និងការប្រមូលថវិកាដើម្បីជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា។

លោកបន្ថែមថា កិច្ចសហប្រតិបត្តិការនេះផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៣ រួមមាន៖

ទី១.កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ ។

ទី២.ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

និងទី៣.សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមជាមួយវិស័យអាទិភាពសំខាន់ៗគឺ ការតភ្ជាប់សមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន ធនធានទឹក កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។

សូមជម្រាបថាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឬកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួបរួមដោយទន្លេតែមួយ ត្រូវបានបង្កើតឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងគោលបំណងធានាសន្តិភាព និងស្ថិរភាពក្នុងអនុតំបន់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសមេគង្គ និងប្រទេសចិន ដើម្បីកសាងសុខុមាលភាពប្រជាជន និងកសាងសហគមន៍នៃអនាគតរួមប្រកបដោយសន្តិភាព និងវិបុលភាព។ ប្រទេសសមាជិកនៃទន្លេមេគង្គ-ឡានឆាង មានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងរៀតណាម៕

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប


ចែករំលែក៖