អន្តរជាតិ៖ ក្នុងសវនាការកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះតុលាការតួកគី បានសម្រេចកាត់ទោសជនដៃដល់ម្នាក់ ឈ្មោះAbdulkadir Masharipov ដែលជាជនជាតិអ៊ូបេគីស្ថាន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទបាញ់វាយប្រហារដោយកាំភ្លើងទៅលើក្លិបរាត្រីមួយនៅភាគខាងជើងនៃទីក្រុងអ៊ីស្តង់ប៊ុលដែលបណ្តាលឱ្យមនុស្ស ៣៩ នាក់ស្លាប់កាលពីឆ្នាំ២០១៧។ ដោយរយៈពេលជាប់ពន្ធនាគារមួយជីវិតនេះ ស្មើនឹងការជាប់គុក៤០ជីវិត។
ចំពោះការកាត់ទោសនេះធ្វើឡើង បន្ទាប់ពីការជំនុំជម្រះអស់រយៈពេល ៣ ឆ្នាំលើការបាញ់ប្រហារមួយនេះ ដែលបានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះមុនថ្ងៃចូលឆ្នាំថ្មីឆ្នាំ២០១៧ នៅក្លិបរាត្រីមួយឈ្មោះ Reina ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
ក្នុងអំឡុងពេលសវនាការខាងលើនេះ លោក Masharipov ដែលជាជនដៃដល់នោះ ត្រូវបានកាត់ទោសពីបទឃាតកម្មដោយចេតនា និងការរំលោភបំពានរដ្ឋធម្មនុញ្ញ ហើយនឹងមិនមានសិទ្ធិទទួលបានការដោះលែងនោះទេ។លើសពីនេះទៅទៀត បុរសរូបនេះក៏បានទទួលទោសបន្ថែមចំនួន១៣៦៨ឆ្នាំទៀតពីបទប៉ុនប៉ងធ្វើឃាតមនុស្ស ៧៩ នាក់ដែលបានរងរបួសក្នុងការវាយប្រហារ និងពីបទកាន់កាប់អាវុធដោយគ្មានអាជ្ញាបណ្ណផងដែរ។
បើតាមទីភ្នាក់ងារព័ត៌មានតួកគី Anadolu បានចេញផ្សាយថា ពលរដ្ឋអ៊ីស្រាអែល បារាំង ទុយនេស៊ី លីបង់ ឥណ្ឌា បែលហ្ស៊ិក ហ្ស៊កដានី និងអារ៉ាប់ប៊ីសាអូឌីត ស្ថិតក្នុងចំណោមជនរងគ្រោះដល់ជីវិត ហើយមនុស្សរាប់សិបនាក់បានរងរបួស។ ចំណែកក្រុមរដ្ឋឥស្លាម (IS) បាននិយាយថា ខ្លួនជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ដោយឡែកបុរសម្នាក់ទៀតដែលមានឈ្មោះថា Ilyas Mamasaripov ក៏ត្រូវបានកាត់ទោសឱ្យជាប់គុកជាង ១៤០០ ឆ្នាំផងដែរពីបទជួយរៀបចំគំរោងក្នុងការបាញ់ប្រហារដ៏សាហាវនេះ។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកតួកគីខាងលើ បានរាយការណ៍ថា ជនជាប់ចោទចំនួន ៤៨ នាក់ត្រូវបានកាត់ទោសឱ្យជាប់គុកដោយសារពួកគេជាសមាជិកនៃអង្គការភេរវកម្ម ហើយ១១ នាក់ទៀតត្រូវបានដោះលែង៕ដោយ៖ស តារា