ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញហៅម្ចាស់អាជីវកម្មផ្ទះសំណាក់,ភោជនីយដ្ឋាន,សណ្ឋាគារត្រូវផ្ដល់ផលិតផលទេសចរណ៍ណាដែលមានសុវត្ថិភាពជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

       ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ចាប់ពីថ្ងៃ១៤, ១៥រោច ខែភទ្របទ និងថ្ងៃ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២០។ ដូច្នេះ ទើបអាជ្ញាធររាជធានីភ្នំពេញហៅម្ចាស់អាជីវកម្មផ្ទះសំណាក់, ភោជនីយដ្ឋាន, សណ្ឋាគារត្រូវផ្ដល់ផលិតផលទេសចរណ៍ទៅអតិថិជនណាដែលមានសុវត្ថិភាពជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ 

   លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំបែបនេះ ខណៈលោកអញ្ជើញជាអធិបតីក្នុងពិធីប្រជុំអប់រំផ្សព្វផ្សាយឲ្យយល់ដឹងពីវិធីបង្ការ ជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២០។ 

    លោក ហួត ហៃ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដូច្នេះ ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារផ្ទះសំណាក់ ត្រូវអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩ ជាពិសេសការកត់ត្រាភ្ញៀវទេសចរដែលចូលទៅកម្សាន្តតាមគោលដៅទេសចរណ៍នានា ការរៀបចំឲ្យមានការត្រួតពិនិត្យកម្តៅ ទឹកអាល់កុលសម្លាប់មេរោគ និងតម្រូវឲ្យភ្ញៀវទេសចរអនុវត្តជាប្រចាំ។ ប្រើប្រាស់ម៉ាស់ ឬក្រមាជាប់ជានិច្ច ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ ធ្វើការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ និងទីចំណតជូនភ្ញៀវទេសចរឲ្យបានល្អប្រសើរ។ 

      លោក ហួត ហៃ បានបន្ដថា៖ ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានាដើម្បីអប់រំណែនាំម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរឲ្យចូលរួមថែរក្សាបរិស្ថាន អនាម័យ ដោយ លុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្តេសផ្តាស ជាពិសេសបញ្ឈប់ការបោះចោលក្រដាស ក្រោមតុ និងត្រូវចាត់វិធានការតាមគ្រប់រូបភាពដើម្បីធានាអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានឲ្យបានត្រឹមត្រូវ។ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួល  ខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។ ត្រូវធ្វើការណែនាំម្ចាស់ទូកដ និងកាណូត ទេសចរណ៍ ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឲ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារសង្គ្រោះចាំបាច់នានា ៕ 

ដោយ៖សំរិត


ចែករំលែក៖