នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ពលរដ្ឋទីក្រុងញូវយ៉ករស់នៅនិងបំពេញការងារជាធម្មតាដូចរាល់ថ្ងៃដោយមិនបានគិតថានឹងមានរឿងអាក្រក់អ្វីកើតឡើងឡើយ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១១ខែកញ្ញានោះបានក្លាយទៅជាប្រវត្តិសាស្ត្ររបស់អាមេរិក ហើយបានជំរុញឲ្យអាមេរិកត្រូវធ្វើសង្គ្រាមអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។
រយៈពេល១៩ឆ្នាំមកហើយ ពលរដ្ឋអាមេរិកក៏ដូចជាពិភពលោក ទាំងមូលបានឃើញទិដ្ឋភាពដ៏រន្ធត់បំផុតក្នុងឆាកជីវិត ពីអគារភ្លោះពាណិជ្ជកម្ម ត្រូវយន្តហោះដឹកអ្នកដំណើរពីរគ្រឿង ដែលក្រុមភេរវកម្មប្លន់បុកចំអគារទាំងពីរនោះ។
នៅវេលាម៉ោង៨និង៤៦នាទី ថ្ងៃទី១១ខែកញ្ញា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍American Airlines ដែលហោះហើរពីទីក្រុង ញូវយ៉ក ទៅកាន់ទីក្រុង Los Angeles ត្រូវក្រុមភេរវករអាល់កៃដាប្លន់នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Boston ហើយបញ្ជាឱ្យហោះទៅបុកអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកតែម្តង។
មនុស្សជាច្រើនមិនជឿពីអ្វីដែលខ្លួនបានមើលឃើញនោះឡើយ គឺទិដ្ឋភាពយន្តហោះបើកសំដៅទៅបុកអគារ។ ពេលដំបូង គេយល់ថានោះជាគ្រោះថ្នាក់យន្តហោះតែប៉ុណ្ណោះ ។ ប៉ុន្តែរយៈពេល១៧នាទីក្រោយមក យន្តហោះដឹកអ្នកដំណើរទីពីរមានលេខហោះហើរ១៧៥ របស់ក្រុមហ៊ុនUnited Airlines ក៏បានហោះសំដៅទៅបុកអគារទីពីរ នៅវេលាម៉ោង៩ និង៣នាទី ហើយនៅវេលាម៉ោង១០និង៣០នាទី អគារភ្លោះបានដួលរលំទាំងស្រុងតែម្តង ធ្វើឲ្យមនុស្សជាច្រើនរត់យករួចខ្លួនទាំងព្រលឹងចុងសក់។
នៅពេលនោះពលរដ្ឋអាមេរិក ពិតជាភ័យបារម្ភខ្លាំងណាស់ ក្រោយដឹងថាជាការវាយប្រហារភេរវកម្ម ដោយមិនដឹងថាទីតាំងណាទៀតនឹងត្រូវរងការវាយប្រហារនោះឡើយ ។ ជាមួយគ្នានោះក្រុមភេរវកម្មបានប្លន់យន្តហោះបើកបុកសំដៅទៅលើមន្ទីរបញ្ចកោណអាមេរិក តែមិនចំគោលដៅ ចំណែកមួយគ្រឿងទៀតក៏បានធ្លាក់នៅវាលស្រែ។
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ក្រុមភេរវករ១៩នាក់បានប្លន់យន្ដហោះដឹកអ្នកដំណើរដល់ទៅ៤គ្រឿងក្នុងពេលតែមួយសម្រាប់វាយប្រហារទៅលើទីតាំងសំខាន់ៗនៅក្នុងទឹកដីអាមេរិក។ ការវាយប្រហារ របស់ពួកភេរវករបានសម្លាប់មនុស្សប្រមាណ៣ពាន់នាក់មកពី៩០ប្រទេសផ្សេងគ្នាសុទ្ធសឹងតែជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់។ ការវាយប្រហារនោះដូចជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ដល់អាមេរិក ពិសេសទៅលើវិស័យសេដ្ឋកិច្ច នយោបាយប្រទេសមហាអំណាចទី១នៅលើពិភពលោក។ តាំងពីពេលនោះមកនយោបាយពិភពលោកក៏បានប្រែប្រួល សង្គ្រាមប្រឆាំងភេរវកម្មក៏បានកើតឡើង ៕
ដោយ៖ធី រីណា