ក្រុម Paris St-Germain បានបរាជ័យជាលើកដំបូងក្នុងថ្ងៃបើករដូវកាលLigue 1 របស់ពួកគេដែលជាការបរាជ័យគួរឱ្យភ្ញាក់ផ្អើលពេលប៉ះជាមួយក្រុម Lens កាលពីរាត្រីម្សិលមិញ។
ការប្រកួតនេះស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពីក្រុមជើងឯករងក្របខ័ណ្ឌ Champions League PSG មានកីឡាករចំនួន៧នាក់ក្នុងនោះមានខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។
ក្រុម Lens បានធ្វើឲ្យមានក្តីសង្ឃឹមក្រោយពីយកឈ្នះក្រុមខ្លាំង និងជាអតីតម្ចាស់ជើងឯកលីគកំពូលបារាំងក្នុងថ្ងៃបើកឆាករដូវកាលថ្មី។ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Lens រកបានដោយកីឡាករ Ignatius Ganago នៅនាទីទី៥៧ ហើយការប្រកួតនេះត្រូវបានអនុញ្ញាតឲ្យមានអ្នកគាំទ្រចំនួន៥០០០នាក់អាចចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានបាន។
ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar មិត្តរួមជាតិ Marquinhos និងកីឡាករអន្តរជាតិអាហ្សង់ទីន Angel di Maria និង Mauro Icardi សុទ្ធតែមិនត្រូវបានដាក់ឲ្យលេងក្នុងជំនួបនោះទេ ហេតុនេះហើយអាចជាមូលហេតុដែលធ្វើឲ្យក្លិបខ្លាំងមួយនេះមិនបានយកឈ្នះគូប្រកួតបាន បើទោះបីការគ្រប់គ្រងបាល់មានរហូតដល់៧២ភាគរយក៏ដោយ។
ក្រុម PSG នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Marseille នៅថ្ងៃអាទិត្យនេះ ហើយត្រូវរង់ចាំមើលថាតើកីឡាករណាដែលនឹងបានចូលលេងក្នុងជម្រើស១១នាក់ដំបូង ក្រោយពីមានកីឡាករជាច្រើនធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ៕ដោយ៖ភារៈ