អន្តរជាតិ៖ ប្រទេសអ៉ីរ៉ង់ និងប៉ាឡេស្ទីន បានចេញមុខថ្កោលទោសរដ្ឋាភិបាលបារ៉ែន ដែលទើបតែបានចុះកិច្ចព្រមព្រៀងគ្នាជាមួយអ៉ីស្រាអែលដើម្បីស្តាទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យទៅរកសភាពប្រក្រតីឡើងវិញ ។ខណៈដែលអេមីរ៉ាត់អារ៉ាប់រួម ក៏បានសម្រេចធ្វើដូចគ្នាកាលពីមួយខែមុន នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលសម្របសម្រួលដោយអាមេរិក។
បើតាមទីភ្នាក់ងារសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញាឆ្នាំ២០២០នេះ បានចេញផ្សាយថា៖ បើទោះជាយ៉ាងណាការព្រមព្រៀងគ្នាស្តាទំនាក់ទំនងរវាងបារ៉ែននិងអ៉ីស្រាអែល បានទទួលរងការថ្កោលទោសពីសំណាក់អ៉ីរ៉ង់និងប៉ាឡេស្ទីន។ ចំណែកខាងអ៉ីរ៉ង់ក៏បានលើកឡើងថា កិច្ចព្រមព្រៀងនេះជាទង្វើដ៏គួរឲ្យអាម៉ាស់ ដែលពលីនូវបុព្វហេតុរបស់ប៉ាឡេស្ទីនខណៈអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ការសម្រេចចិត្តរបស់បារ៉ែនជាការក្បត់ប្រជាជនប៉ាឡេស្ទីន។
ទាក់ទិននឹងបញ្ហានេះ ប្រទេសដទៃទៀតដូចជា៖ ប្រទេសអេហ្ស៉ីប សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម បានសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់បារ៉ែន ដោយចាត់ទុកវាថាជាការចូលរួមចំណែក ក្នុងការបង្កើតស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា បារ៉ែននិងស្តាទំនាក់ទំនងឡើងវិញជាមួយអ៉ីស្រាអែល ដូចទៅនឹងអ្វីដែលអេមីរ៉ាត់អារ៉ាប់រួមបានធ្វើ នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក ហើយវានឹងត្រូវចុះហត្ថលេខានៅថ្ងៃទី១៥ ខែកញ្ញា គឺថ្ងៃអង្គារសប្តាហ៍ក្រោយនេះ៕ដោយ៖ស តារា