អន្តរជាតិ៖ បន្ទាប់ពីវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ត្រូវបានផ្អាកកាលពីដើមសប្ដាហ៍ កន្លងទៅ ដោយសារបារម្ភពីបញ្ហាសុវត្ថិភាពនោះ ។ ពេលនេះត្រូវអាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេសបានសម្រេចឲ្យធ្វើតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ លើមនុស្សរបស់ក្រុមហ៊ុនមួយនេះ និងចាប់ផ្ដើមឡើងវិញហើយ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃសៅរ៍ ទី១២ខែកញ្ញាឆ្នាំ២០២០។
ក្រុមហ៊ុន AstraZeneca បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសៅរ៍ទី១២ ខែកញ្ញា ឆ្នាំ២០២០ថា ៖ ខ្លួនទទួលបានការទទួលស្គាល់ពីអាជ្ញាធរសុខាភិបាល អង់គ្លេសថា វាពិតជាមានសុវត្ថិភាពនៅក្នុងការចាប់ផ្ដើមការធ្វើតេស្ដវ៉ាក់សាំង ឡើងវិញ។ ប៉ុន្តែ ក្រុមហ៊ុននេះមិនបានផ្ដល់ព័ត៌មានលម្អិតជុំវិញការផ្អាកការធ្វើតេស្ដ កាលពីដើមសប្ដាហ៍កន្លងទៅ ឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅ ក្រុមហ៊ុន AstraZeneca បានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការធ្វើតេស្តបេក្ខភាពវ៉ាក់សាំងរបស់ខ្លួនដែលកំពុងស្ថិត ក្នុងដំណាក់កាលទី៣ នៃការតេស្តសាកល្បងលើមនុស្ស ក្រោយអ្នកស្ម័គ្រចិត្តចូលរួមធ្វើតេស្តម្នាក់នៅចក្រភពអង់គ្លេសធ្លាក់ខ្លួនឈឺ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន AstraZeneca ត្រូវបានបណ្តាប្រទេសលោកខាងលិចផ្តល់ក្តីសង្ឃឹមខ្ពស់បំផុត ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយមានការកក់ទុកមុនរាប់រយពាន់លានដូស រួចទៅហើយ៕ដោយ៖ស តារា