ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេលត្រឹមតែ១ថ្ងៃសោះ! បារាំង ប្រកាសរកឃើញថា ករណីឆ្លង COVID-19ថ្មី ជាង១ម៉ឺននាក់

ចែករំលែក៖

អន្តរជាតិ៖ យោងតាមអាជ្ញាធរសុខាភិបាលបារាំង បានប្រកាសនៅថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ២០២០នេះថា ប្រទេសខ្លួនក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះត្រូវបានអាជ្ញាធររាយការណ៍ករណីឆ្លង COVID-19ថ្មី មានរហូតដល់ ១០, ៥៦១នាក់ ហើយនេះ ក៏ជាកំណត់ត្រាថ្មីមួយ នៃអ្នកឆ្លងប្រចាំថ្ងៃ ព្រោះថាតួលេខនេះបានកើនលើស១ម៉ឺនករណី ជាលើកដំបូងនៅក្នុងប្រទេសបារាំង

តួលេខចុងក្រោយនេះ គឺបង្ហាញពីការងើបឡើងជាថ្មីរបស់ជំងឺ COVID-19 ក្នុងប្រទេសបារាំង ខណៈដែលករណីឆ្លងថ្មីនេះ រហូតដល់លើស១ម៉ឺនករណីគឺបំបែកកំណត់ត្រាឆ្លងប្រចាំថ្ងៃចាស់ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅនេះ ស្មើនឹង៩៨៤៣ករណី។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់សម្តីនាយករដ្ឋមន្ត្រីបារាំង Jean Castex បានសន្យាបង្កើនការធ្វើតេស្ត និងដាក់ចេញវិធានការតឹងរ៉ឹងក្នុងតំបន់ដែលមានករណីឆ្លងខ្ពស់។ ដោយសន្ទុះនៃការឆ្លងរាលជំងឺ COVID-19 ក្នុងសប្តាហ៍នេះ បានធ្វើឲ្យរដ្ឋាភិបាលបារាំងដាក់ចេញវិធានការបន្ថែមទៀតកាលពីថ្ងៃទី១១ ដើម្បីទប់ស្កាត់បញ្ហានេះ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលបារាំង ក៏បានប្រកាសដែរថា ករណីឆ្លងជាចង្កោមចំនួន ៧៧២ទីតាំង កំពុងត្រូវបានអាជ្ញាធរបារាំងស៊ើបអង្កេតនិងដោះស្រាយ។ បើគិតត្រឹមថ្ងៃទី ១៣ ខែកញ្ញា បារាំងបានរាយការណ៍ករណីឆ្លងសរុបជាង៣៧,៤ម៉ឺនករណី ក្នុងនោះជាសះស្បើយ ៨៩០៥៩នាក់ខណៈអ្នកស្លាប់មានជាង៣ម៉ឺននាក់៕ដោយ៖ស តារា


ចែករំលែក៖