ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមុខសញ្ញាលួចម៉ូតូនិងរថយន្តយ៉ាងសកម្មបីនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តក្រចេះ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនសុទ្ធសឹងជាក្រុមមុខសញ្ញាជើងខ្លាំងយ៉ាងសកម្មដូចជាលួចកាច់សោ.ម៉ូតូ និងរថយន្តបានសម្រេចជាច្រើនករណីបញ្ជូនទៅសាលាដំបូងខេត្ត។

ការឃាត់ខ្លួនមុខសញ្ញាលួចនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួលធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២០ ដឹកនាំដោយលោកវរសេនីយ៍ឯកចាន់ សុខគីម ដោយស្រាវជ្រាវក្រសោបបានជាបន្តបន្ទាប់ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះធ្លាប់បានធ្វើសកម្មភាពនៅស្រុកស្នួល និងខេត្តដទៃទៀតផងដែរក្នុងនោះមាន៖ ទី១.ឈ្មោះ រ៉ ហ្វាត អាយុ២១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិកំពង់ទ្រាស ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ទី២.ឈ្មោះ រិន រី អាយុ២៥ឆ្នាំ រស់នៅភូមិកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ទី៣.ឈ្មោះ រេន ម៉ាប់ អាយុ២២ឆ្នាំ រស់នៅ ភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ប្រភពបន្តថា ជនសង្ស័យទាំង៣នាក់នេះ ជាមុខសញ្ញាប្លន់ប្រដាប់អាវុធនៅខេត្តស្វាយរៀងកាលពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២០ និងបានរត់មកលាក់ខ្លួននៅស្រុកស្នួល ក្នុងទឹកដីនៃខេត្តក្រចេះហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
ក្រុមជនសង្ស័យត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋានស្រុកស្នួលដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្តតាមនីតិវិធី៕ ដោយ​៖ ជីវ័ន្ត


ចែករំលែក៖