ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួនពីបទរំលោភស្រីក្រមុំគ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តពីបទរំលោភសេពសន្ថវៈបានសម្រេចលើក្មេងស្រីពិការភាព(គ)ក្នុងគុម្ពចេក។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបន្ទាប់ពីមានបណ្តឹងផ្ទាល់មាត់របស់ម្តាយក្មេងស្រីរងគ្រោះនៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

យោងតាមការរៀបរាប់ពីម្តាយក្មេងស្រីរងគ្រោះប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើក្មេងស្រីរងគ្រោះនៅវេលាម៉ោង១៥៖០០នាទីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២០ត្រង់ចំណុចគុម្ពចេកក្នុងការដ្ឋានទី៦ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយស្ថិតក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពបន្តថា ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះឈ្មោះ ព្រឹម អេន ហៅមើម អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចម្ការរចេកក្រុមហ៊ុនខាងលើ មានទីលំនៅបណ្តោះអាសន្ននៅភូមិឃុំកើតហេតុ។

ចំណែកជនរងគ្រោះឈ្មោះមានអាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាមជានារីក្រមុំពិការភាព(គ) មានទីលំនៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើដែរ។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ក្រោយពីទទួលបណ្តឹងផ្ទាល់មាត់ពីម្តាយជនរងគ្រោះហើយ កម្លាំងជំនាញក៏បានចុះធ្វើអន្តរាគមន៍ភ្លាម ដោយធ្វើការឃាត់ខ្លួនជនសង្ស័យនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ រួចទើបបញ្ជូនទៅជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖