ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិ​ និងអាជ្ញាធរខេត្តកំពង់ស្ពឺរួមគ្នាផ្សព្វផ្សាយរបាយការណ៍​ និងណែនាំឱ្យអ្នកពាក់ព័ន្ធទាំងអស់ខិតខំបន្តអនុវត្តផែនការឆមាសទី២​ ឆ្នាំ២០២០

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺមានរៀបចំកិច្ចផ្សព្វផ្សាយរបាយការណ៍ឆមាសទី១​ និងលេីកទិសដៅឆមាសទី២​ឆ្នាំ២០២០​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងលោក សរ​ សុពុត្រា អភិបាល​រង​ ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺដោយមានការចូលរួមពីសមាជិកគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ និងអាជ្ញាធរមូលដ្ឋាន​ និងប្រធានតុលាការនិងតំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។

ឧត្តមសេនីយ៍​ទោ​ ​សម​ សាមួន ស្នងការនគរបាល បានមានប្រសាសន៍ស្វាគមន៍​ និងបានរាយការណ៍ពីលទ្ធផលការងារឆមាសទី១​ ២០២០​របស់ខេត្ត​កំពង់ស្ពឺ​ដែលកេីតចេញពីការរួមគ្នាខិតខំអនុវត្តផែនការទាំង៥ទទួលបានលទ្ធផលល្អ​ប៉ុន្តែខេត្តនូវតែទទួលរងគ្រោះពីការជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់។

តាមរយៈ​របាយការណ៍​របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ដែលបង្ហាញដោយ​ឧត្តមសេនីយ៍ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ បានឱ្យឃេីញពីការកេីនឡេីងនូវ:​១.ចំនួនអ្នកទទួលបានសារអប់រំ​ ២.ពង្រឹងបានគុណភាពការងារព្យាបាល​ ស្តារនីតិសម្បទា​ ៣.ចំនួនករណី​បង្រ្កាប​ ៤.ចំនួនការឃាត់ខ្លួនជនល្មេីសដែលមានចែងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​ តែមានការថយចុះនូវបរិមាណគ្រឿងញៀនដែលរឹបអូសបាន​ បេីប្រៀបធៀបទៅនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១៩។

ក្នងឱកាសនោះ​ លោក សរ​ សុពុត្រា​ អភិបាលរង​​ ប្រធានលេខាធិការដ្ឋាន​គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្ត​ បានមានប្រសាសន៍សាទរដល់លទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១​ ឆ្នាំ២០២០​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ហេីយបានថ្លែងអំណរគុណដល់គ្រប់សមាសភាពនៃគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ដែលបានសហការគ្នាប្រកបដោយឆន្ទះនិងការទទួលខុសត្រូវសម្រេចបាននូវលទ្ធផលល្អ​ គួរជាទីមោទន:​ ហេីយសូមបន្តចូលរួមអនុវត្តនូវទិសដៅការងារសម្រាប់ឆមាស​ទី២​ដេីម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់យេីង។

ក្នុងឱកាសនោះ​ដែរ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ​អគ្គលេខាធិការ​ បានថ្លែងថា​ ពិភពលោកយើងនេះនៅតែបន្តទទួលរងផលប៉ះពាល់ពីបញ្ហាគ្រឿងញៀន​ក្រុមឧក្រិដ្ឋជន និងបណ្តាញរបស់ពួកវានៅតែបន្តផលិត និងចរាចរគ្រឿងញៀនពីតំបន់មួយទៅតំបន់មួយ​ ពិសេសការចរាចរគ្រឿងញៀនឆ្លងកាត់ចូលមកកម្ពុជាតាមច្រកមួយចំនួននៃខេត្តភាគឥសាន្ត ទន្ទឹមនឹងការប្រើបំពានសារធាតុញៀនប្រភេទថ្មីដែលមានឥទ្ធិពលប៉ះពាល់ដល់ប្រព័ន្ធប្រសាទធ្ងន់ធ្ងរក៏រីករាលដាលដ៏គួរឱ្យព្រួយបារម្ភដែរ ទោះបីកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនក៏ដោយ​ ដែលតម្រូវឱ្យយេីងទាំងអស់គ្នាបន្តយកចិត្តទុកដាក់ និងអនុវត្តឱ្យបានដាច់ខាតនៅវិធានការទាំង៥​ ដោះស្រាយ​រាល់បញ្ហាគ្រឿងញៀន​ ដើម្បីចូលរួមចំណែកការពារ និងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយេីង។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានធ្វេីការសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំរួមគ្នាអនុវត្ត​នូវទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆមាសទី២​ ដេីម្បីបន្តសុខសន្តិភាព​ សណ្តាប់ធ្នាប់សង្គម​ ភាពសុខដុមរមនាជូនប្រជាពលរដ្ឋយេីងពិសេសសហការជាមួយខេត្តដែលមានព្រំប្រទល់ជាប់គ្នាបន្តបង្ការបង្រ្កាបឱ្យបានហ្មត់ចត់នូវបទល្មេីសគ្រឿងញៀនគ្រប់ប្រភេទផ្សព្វផ្សាយអប់រំ​ដល់គ្រប់គោលដៅប្រឈម​កម្មករ​ សិស្សបោះបង់ការសិក្សា​ ពិសេសអ្នកបេីកបររថយន្តធន់ធ្ងន់និងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩​ គ្រុនឈាម​ និងគ្រុនឈីក៕

ដោយ៖ សិលា


ចែករំលែក៖