ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ ក្រុមហ៊ុន ផ្ដល់ ប្រាក់ កម្ចីទៅទារលុយគេមិនបានហើយ ជាប់ទោសទៀត ពាក់ព័ន្ធ​បទល្មើស «​គំរាមកំហែង​ថា​នឹង​សម្លាប់ »

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​កញ្ញា ឆ្នាំ​២០២០ ត្រូវបានបញ្ជូន បុរស​ជនជាតិ​ម៉ាឡេស៊ី​២​នាក់ និង​ខ្មែរ​២​នាក់ ជា​ម្ចាស់​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​កម្ចី មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស «​គំរាមកំហែង​ថា​នឹង​សម្លាប់ »។

បើតាមការឱ្យដឹងពីសមត្ថកិច្ច ​ជនសង្ស័យ​ ដែល​បញ្ជូន​មក​តុលាការ ទី​១. ​ឈ្មោះ tong chin Kun ហៅ ck ជនជាតិ​ម៉ាឡេស៊ី​, ទី​២​. ឈ្មោះ yong Zheng how ជនជាតិ​​ម៉ាឡេស៊ី​, ទី​៣. ​ឈ្មោះ លី​ម៉ា​លិច ជនជាតិ​ខ្មែរ, ទី​៤​. ឈ្មោះ ស៊ីវ តាំង​យ៉ាន់ ជនជាតិ​ខ្មែរ។ ដើមបណ្ដឹង​ក្នុង​រឿងក្ដី​នេះ​ឈ្មោះ អ៊ឹ​ម ពុទ្ធា​វី ភេទ​ស្រី និង​ឈ្មោះ ទ្រិ​ន ជេ​នី​ហ្វ័​ ភេទ​ស្រី។

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា៖ កាលពី​ថ្ងៃ​ទី ០៤​កញ្ញា ឆ្នាំ​២០២០ ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ខ្ចី​ប្រាក់​ពី​ក្រុមហ៊ុន​កម្ចី​ប្រាក់​ភ្នំពេញ ដោយ​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០៩៦ ៣០ ៦៣ ២៥៨ មាន​តេ​ឡេ​ក្រាម និង​គណនី​ហ្វេ​ស​បុក​ឈ្មោះ TOTA និង​ឈ្មោះ Eric chia ចំនួន​ ៣ ០០០ ដុល្លារ​ក្នុង​រយៈពេល​១០​ថ្ងៃ ដោយ​គិត​ការ​ប្រាក់ និង​សេវា​ផ្សេងៗ​ចំនួន​១ ៦០០​ដុល្លារ ហើយ​ខ្លួន​បាន​ទទួល​ប្រាក់​ពី​ក្រុមហ៊ុន​តែ​១ ៤០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ត្រូវ​បង់​ឲ្យ​ក្រុម​ហ៊ុន​វិញ ចំនួន​៣០០​ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​បើ​បង់​យឺត​មួយថ្ងៃ​ ក្រុមហ៊ុន​និង​ពិន័យ​មួយ​គុណ​និង​២​។ ដោយមាន​ការតឹងតែង​ពេក ខ្លួន​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​បន្ធូរបន្ថយ​ខ្លះ តែ​ក្រុមហ៊ុន​មិន​ព្រម។ លុះដល់​ថ្ងៃ​ទី ០៧​កញ្ញា ឆ្នាំ​២០២០ ខ្លួន​មានការ​ខកខាន​មិនបាន​បង់​ប្រាក់ ព្រោះ​រក​ប្រាក់​មិនបាន​ក៏​ស្រាប់​តែ​មាន​ជនជាតិ​​ម៉ា​ឡេ​២​នាក់ និង​ខ្មែរ​២​នាក់​នៅ​ក្នុង​ក្រុមហ៊ុន បាន​មក​គំរាមកំហែង​ដល់​ផ្ទះ​ថា​ នឹង​សម្លាប់​ក្រុម​គ្រួសារ​ខ្លួន និង​បង្ហោះ​រូបភាព​ក្នុង​ហ្វេ​ស​បុក​ឈ្មោះ TOTA តាម​ឆាត និង​តេ​ឡេ​ក្រាម ព្រមទាំង​បោះ​ត្រា​រូបភាព​ក្រុម​គ្រួសារ​ដាក់​ស៊ុម​រូបថត​ដូចជា​មនុស្ស​ស្លាប់ ក្នុង​ន័យ​គំរាមកំហែង​ថា ​នឹង​សម្លាប់​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ទៀត​ផង។

លុះដល់​ថ្ងៃ​ទី​១២​កញ្ញា ឆ្នាំ​២០២០ ខាង​ក្រុមហ៊ុន​បាន​បញ្ជូន​បុរស​ជនជាតិ​ម៉ា​ឡេ​២​នាក់ និង​ខ្មែរ​២​នាក់​ ទៅ​គំរាមកំហែង​ជនរងគ្រោះ​ដល់​ផ្ទះ​ទៀត ក៏​ត្រូវ​ជនរងគ្រោះ​ប្ដឹង​សមត្ថកិច្ច​មក​ចាប់​ក្រុម​ជនសង្ស័យ​តែម្ដង។ ឥឡូវនេះ​ព្រះរាជអាជ្ញា​អម​តុលាការ​ កំពុង​ធ្វើការ​សាក​សួ​រ​ជនសង្ស័យ​ទាំង​៤​នាក់​នៅឡើយ។
សូមរម្លឹកថា៖ ករណីឱ្យកម្ចីប្រាក់បែបនេះ បានកើតមានយ៉ាងខ្លាំង ខណៈជនរងគ្រោះជួបគ្រោះអាសន្ន មានការឱ្យខ្ចីលុយ ហើយគិតការប្រាក់ខ្ពស់ ប៉ុន្តែមិនទាមទារដាក់តម្កល់អ្វីទេ ។ បានន័យថា អោយខ្ចីហើយ ក្រុមពួកគេមកយកលុយវិញតាមកំណត់រាល់ថ្ងៃ ។ បើខ្វះលុយឱ្យពួកគេមកចាំមុខផ្ទះ ក្នុងផ្ទះ វាយបំផ្លាញទ្រព្យសម្បត្តិជាដើម។ បើប្តឹងសមត្ថកិច្ចមូលដ្ឋានវិញ ភាគច្រើននិយាយថា ពិបាកដែររឿងហ្នឹង ព្រោះសំបូរណាស់។
ឧទាហរណ៍ខ្លី៦០០០ដុល្លារ គេយកការ១ថ្ងៃ៣០០ដុល្លារ ករណីខ្លះអ្នកខ្ចីចង់បាន ដោយសារមិនចាំបាច់ដាក់អីតំកល់ក៏ហ៊ាន តែចុងក្រោយគេមកអុកឡុក ធ្វើរបៀបក្រុមហ៊ុនកម្ចីប្រាក់ខាងនោះតែម្តង៕

ដោយ៖សិលា


ចែករំលែក៖