ភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ កាលពីព្រឹកថ្ងៃទី១៥កញ្ញា ឆ្នាំ២០២០ ត្រូវបានបញ្ជូន បុរសជនជាតិម៉ាឡេស៊ី២នាក់ និងខ្មែរ២នាក់ ជាម្ចាស់ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស «គំរាមកំហែងថានឹងសម្លាប់ »។
បើតាមការឱ្យដឹងពីសមត្ថកិច្ច ជនសង្ស័យ ដែលបញ្ជូនមកតុលាការ ទី១. ឈ្មោះ tong chin Kun ហៅ ck ជនជាតិម៉ាឡេស៊ី, ទី២. ឈ្មោះ yong Zheng how ជនជាតិម៉ាឡេស៊ី, ទី៣. ឈ្មោះ លីម៉ាលិច ជនជាតិខ្មែរ, ទី៤. ឈ្មោះ ស៊ីវ តាំងយ៉ាន់ ជនជាតិខ្មែរ។ ដើមបណ្ដឹងក្នុងរឿងក្ដីនេះឈ្មោះ អ៊ឹម ពុទ្ធាវី ភេទស្រី និងឈ្មោះ ទ្រិន ជេនីហ្វ័ ភេទស្រី។
សមត្ថកិច្ចបានបញ្ជាក់ថា៖ កាលពីថ្ងៃទី ០៤កញ្ញា ឆ្នាំ២០២០ ក្រុមគ្រួសារជនរងគ្រោះបានខ្ចីប្រាក់ពីក្រុមហ៊ុនកម្ចីប្រាក់ភ្នំពេញ ដោយទំនាក់ទំនងទូរស័ព្ទលេខ ០៩៦ ៣០ ៦៣ ២៥៨ មានតេឡេក្រាម និងគណនីហ្វេសបុកឈ្មោះ TOTA និងឈ្មោះ Eric chia ចំនួន ៣ ០០០ ដុល្លារក្នុងរយៈពេល១០ថ្ងៃ ដោយគិតការប្រាក់ និងសេវាផ្សេងៗចំនួន១ ៦០០ដុល្លារ ហើយខ្លួនបានទទួលប្រាក់ពីក្រុមហ៊ុនតែ១ ៤០០ដុល្លារប៉ុណ្ណោះ ហើយត្រូវបង់ឲ្យក្រុមហ៊ុនវិញ ចំនួន៣០០ដុល្លារក្នុងមួយថ្ងៃ ហើយបើបង់យឺតមួយថ្ងៃ ក្រុមហ៊ុននិងពិន័យមួយគុណនិង២។ ដោយមានការតឹងតែងពេក ខ្លួនបានស្នើឲ្យក្រុមហ៊ុនបន្ធូរបន្ថយខ្លះ តែក្រុមហ៊ុនមិនព្រម។ លុះដល់ថ្ងៃទី ០៧កញ្ញា ឆ្នាំ២០២០ ខ្លួនមានការខកខានមិនបានបង់ប្រាក់ ព្រោះរកប្រាក់មិនបានក៏ស្រាប់តែមានជនជាតិម៉ាឡេ២នាក់ និងខ្មែរ២នាក់នៅក្នុងក្រុមហ៊ុន បានមកគំរាមកំហែងដល់ផ្ទះថា នឹងសម្លាប់ក្រុមគ្រួសារខ្លួន និងបង្ហោះរូបភាពក្នុងហ្វេសបុកឈ្មោះ TOTA តាមឆាត និងតេឡេក្រាម ព្រមទាំងបោះត្រារូបភាពក្រុមគ្រួសារដាក់ស៊ុមរូបថតដូចជាមនុស្សស្លាប់ ក្នុងន័យគំរាមកំហែងថា នឹងសម្លាប់នៅខាងមុខផ្ទះរបស់ខ្លួនទៀតផង។
លុះដល់ថ្ងៃទី១២កញ្ញា ឆ្នាំ២០២០ ខាងក្រុមហ៊ុនបានបញ្ជូនបុរសជនជាតិម៉ាឡេ២នាក់ និងខ្មែរ២នាក់ ទៅគំរាមកំហែងជនរងគ្រោះដល់ផ្ទះទៀត ក៏ត្រូវជនរងគ្រោះប្ដឹងសមត្ថកិច្ចមកចាប់ក្រុមជនសង្ស័យតែម្ដង។ ឥឡូវនេះព្រះរាជអាជ្ញាអមតុលាការ កំពុងធ្វើការសាកសួរជនសង្ស័យទាំង៤នាក់នៅឡើយ។
សូមរម្លឹកថា៖ ករណីឱ្យកម្ចីប្រាក់បែបនេះ បានកើតមានយ៉ាងខ្លាំង ខណៈជនរងគ្រោះជួបគ្រោះអាសន្ន មានការឱ្យខ្ចីលុយ ហើយគិតការប្រាក់ខ្ពស់ ប៉ុន្តែមិនទាមទារដាក់តម្កល់អ្វីទេ ។ បានន័យថា អោយខ្ចីហើយ ក្រុមពួកគេមកយកលុយវិញតាមកំណត់រាល់ថ្ងៃ ។ បើខ្វះលុយឱ្យពួកគេមកចាំមុខផ្ទះ ក្នុងផ្ទះ វាយបំផ្លាញទ្រព្យសម្បត្តិជាដើម។ បើប្តឹងសមត្ថកិច្ចមូលដ្ឋានវិញ ភាគច្រើននិយាយថា ពិបាកដែររឿងហ្នឹង ព្រោះសំបូរណាស់។
ឧទាហរណ៍ខ្លី៦០០០ដុល្លារ គេយកការ១ថ្ងៃ៣០០ដុល្លារ ករណីខ្លះអ្នកខ្ចីចង់បាន ដោយសារមិនចាំបាច់ដាក់អីតំកល់ក៏ហ៊ាន តែចុងក្រោយគេមកអុកឡុក ធ្វើរបៀបក្រុមហ៊ុនកម្ចីប្រាក់ខាងនោះតែម្តង៕
ដោយ៖សិលា