អ្នកឯកទេសវិភាគ Leonid Petrov បានលើកឡើងថា គ្រោះធម្មជាតិ និងជំងឺឆ្លងកូវីដ-១៩ គឺជាវិបត្តិទ្រង់ទ្រាយធំដែលមេដឹកនាំ គីម ជុងអ៊ុន ប្រឈមមុខខ្លាំងជាងគេ។
អ្នកឯកទេសស្រាវជ្រាវអន្តរជាតិ ជនជាតិអូស្ត្រាលី ស្តីពីបញ្ហាកូរ៉េខាងជើង លោកLeonid Petrov បានលើកឡើងថា ការគំរាមកំហែងធំបំផុតដល់មេដឹកនាំ គីម ជុងអ៊ុន នោះគឺ គ្រោះធម្មជាតិ ជាវិបត្តិដែលជីតានិងឪពុក ធ្លាប់បានប្រឈមមុខកាលពីអតីតកាល។
លោកLeonid Petrov បណ្ឌិត សាស្ត្រាចារ្យនៃមហាវិទ្យាល័យ ទីក្រុងស៊ីដនី បានឲ្យដឹងថា « ខ្ញុំគិតថា មេដឹកនាំ គីម ជុងអ៊ុន កំពុងប្រឈមមុខនឹងការពិតមួយ គឺសត្រូវរបស់ប្រទេសនេះមិនមែនជាអាមេរិកទៀតឡើយ គឺជាគ្រោះធម្មជាតិ»។ លោកបន្តទៀតថា ជំងឺឆ្លងឬគ្រោះធម្មជាតិមិនអាចធ្វើឲ្យមេដឹកនាំ គីម ជុងអ៊ុន ទប់ស្កាត់បានឡើយ។ មេដឹកនាំដែលមានឥទ្ធិពលបំផុត ក៏មិនមានវិធានការតទល់ជាមួយគ្រោះធម្មជាតិប្រកបដោយប្រសិទ្ធភាព ដូចជាកម្លាំងទាហានអាវុធទប់ទល់ជាមួយអាមេរិកនោះដែរ។
ការលើកឡើងរបស់លោកក្រោយពីដើមខែកញ្ញាកន្លងមក ព្យុះចំនួនពីរ ផ្សេងគ្នាគឺព្យុះMaysak និង Haishen បានវាយប្រហារប្រទេសនេះដែលជាព្យុះទី៩ និង ទី១០ហើយ បានធ្វើឲ្យរដ្ឋាភិបាលត្រូវប្រកាសអាសន្ន។ ជាមួយគ្នានោះផ្ទះពលរដ្ឋជាង២ពាន់ខ្នងបានរងការបំផ្លាញ ។
នៅដើមសប្តាហ៍នេះ រុស្ស៊ីក៏បានផ្តល់ជំនួយជាបន្ទាន់នូវស្បៀងអាហារ ដែលមានម្សៅមីជាដើម ដល់កូរ៉េខាងជើង ដែលរងគ្រោះយ៉ាងធ្ងន់ដោយគ្រោះធម្មជាតិ។ ជាមួយគ្នានោះមេដឹកនាំ គីម ជុងអ៊ុនក៏បានទៅត្រួតពិនិត្យដោយផ្ទាល់នៅតំបន់រងគ្រោះផងដែរ៕ដោយ៖ធី រីណា