ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា៤នាក់ និងខ្មែរម្នាក់, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ ករណីបំបែកសំណុំរឿងសម្អាតប្រាក់ធំមួយ

ចែករំលែក៖

ភ្នំពេញ៖ បំបែកសំណុំរឿងសម្អាតប្រាក់ធំមួយ ចាប់ខ្លួនជនជាតិនីហ្សេរីយ៉ា៤នាក់ និងខ្មែរម្នាក់, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ និងលោកឧត្តមសេនីយ៍ឯក សៀន សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។
សមត្ថកិច្ចបញ្ជាក់ថា៖ សំណុំរឿង ឆបោក និងសម្អាតប្រាក់ដ៏ធំមួយនៅរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលស្រាវជ្រាវ និងឈានការចាប់ខ្លួនជនជាតិបរទេស៤នាក់ និងស្ដ្រីខ្មែរម្នាក់។

បើតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានឲ្យដឹងថា ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ កម្លាំងជំនាញបានទទួលព័ត៌មានអំពីប្រតិបត្តិការក្លែងបន្លំ (Fraud) និងទទួលការវេរប្រាក់ចូលគណនីខុសប្រក្រតី ដោយមានប្រតិបត្តិការការចេញពីគណនីធនាគារមួយ ដែលមានប្រភពពីសហរដ្ឋអាមេរិក ចូលគណនីធនាគារមួយចំនួន នៅប្រទេសកម្ពុជា។
របាយការណ៍បន្តថា៖ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចពាក់ព័ន្ធបានបន្តស្រាវជ្រាវប្រមូល ព័ត៌មានរហូតឈានដល់បំបែកសំបុកក្រុមឆបោក និងសម្អាតប្រាក់ ដ៏ធំមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២០ នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៥នាក់ ក្នុងនោះមានជនជាតិ នីហ្សេរីយ៉ា ចំនួន០៤នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សម្រាប់ជនត្រូវចោទទាំង៥នាក់ ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។
សមត្ថកិច្ចបានអំពាវនាវផងដែរថា៖ ហេតុដូចនេះប្រសិនពលរដ្ឋ ត្រូវបានគេទំនាក់ទំនងពឹងពាក់ឲ្យ បើកគណនីធនាគារ ឬក៏ជួយបើកប្រាក់ពីកន្លែងផ្តល់សេវាវេរប្រាក់គ្រប់ប្រភេទនៅប្រទេសកម្ពុជា ដើម្បីឲ្យជៀសផុតពីការចាញ់បោកក្រុមនេះ សូមមានការប្រុងប្រយ័ត្ន កុំជឿការអូសទាញ ឬលួងលោមគ្រប់រូបភាព ហើយរាយការណ៍ជូនសមត្ថកិច្ចដែលជិតបំផុត ដើម្បីមានវិធានការទាន់ពេលវេលា៕

ដោយ៖សិលា


ចែករំលែក៖